មានពេលមួយ ពួកកងទ័ពអ៊ីស្រាអែលមានការភ័យខ្លាចខ្មាំងសត្រូវម្នាក់ ដែលមានមាឌធំខ្ពស់ដូចយក្ស កំពុងបោះជំហានវែងៗ ចូលក្នុងជ្រលងភ្នំអេឡា។ គាត់មានកម្ពស់ជិត៣ម៉ែត្រ ហើយពាក់អាវក្រោះដែលធ្វើពីបន្ទះលង្ហិនតូចៗជាច្រើនសន្លឹក ដែលចាំងពន្លឺថ្ងៃយ៉ាងភ្លឺរលោង។ ដងលំពែងរបស់គាត់ មានរំទៅដោយខ្សែ ដើម្បីកាលណាគាត់ចោលវាទៅរកសត្រូវ នោះវាវិលកាត់តាមខ្យល់ ទៅកាន់តែឆ្ងាយ ហើយចំគោលដៅបានល្អ។ ដូចនេះ មើលទៅកូលីយ៉ាត ដូចជាគ្មាននរណាអាចប្រយុទ្ធឈ្នះគាត់បានឡើយ។
ប៉ុន្តែ ដាវីឌដឹងថា នរណាខ្លាំងជាងកូលីយ៉ាត។ ថ្វីដ្បិតតែកូលីយ៉ាតមានមាឌធំដូចយក្ស ហើយធ្វើកាយវិការដូចយក្សក៏ដោយ ក៏គាត់នៅតែមានភាពតូចទៀបណាស់ បើធៀបនឹងព្រះដ៏មានព្រះជន្មរស់។ ដាវីឌមានការយល់ដឹងដ៏ត្រឹមត្រូវ អំពីព្រះ និងអំពីស្ថានភាពពេលនោះ។ គាត់ដឹងថា កូលីយ៉ាតជាអ្នកដែលបន្ទាបបន្ថោកកងទ័ពរបស់ព្រះដ៏មានព្រះជន្មរស់(១សាំយ៉ូអែល ១៧:២៦)។ គាត់ក៏បានចេញទៅតទល់នឹងកូលីយ៉ាត ដោយមានជំនឿចិត្ត ដោយស្លៀកខោអាវពួកគង្វាល ហើយអាវុធរបស់គាត់ គឺមានតែដំបងមួយ គ្រួស៥គ្រាប់ និងដង្ហក់មួយ។ គាត់មិនបានទុកចិត្តលើរបស់អ្វីដែលគាត់មានទេ តែបានទុកចិត្តលើព្រះដែលគង់នៅជាមួយគាត់(ខ.៤៥)។
តើពេលនេះអ្នកកំពុងប្រឈមមុខដាក់បញ្ហា ដែលធំហើយពិបាកដូចកូលីយ៉ាតឬ? អ្នកប្រហែលជាកំពុងជួបស្ថានភាពដែលមិនអាចដោះស្រាយបាន នៅកន្លែងធ្វើការ ឬមានការពិបាកផ្នែកហិរញ្ញវត្ថុ ឬមួយមានទំនាក់ទំនងដែលបែកបាក់។ ប៉ុន្តែ កាលណាយើងមានព្រះហើយ នោះបញ្ហាគ្រប់យ៉ាងសុទ្ធតែតូចតាច បើធៀបជាមួយនឹងព្រះអង្គ។ គ្មានការអ្វីដែលធំពេក ដែលព្រះអង្គមិនអាចជួយបាននោះឡើយ។ ពាក្យលើកទឹកចិត្តរបស់លោកឆាល វេសលី ដែលជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធបានរំឭកយើងថា “សេចក្តីជំនឿ ឱសេចក្តីជំនឿដ៏មានអំណាច ដែលជឿជាក់លើព្រះបន្ទូលសន្យា ហើយសម្លឹងឆ្ពោះទៅរកព្រះ ក៏សើចដាក់ការអ្វីដែលយើងមិនអាចធ្វើកើត ហើយស្រែកឡើងថា ព្រះអង្គនឹងសម្រេចកិច្ចការនោះ”។ ព្រះទ្រង់អាចរំដោះអ្នកឲ្យរួចពីបញ្ហារបស់អ្នក តាមបំណងព្រះទ័យព្រះអង្គ ហើយព្រះអង្គអាចសម្រេចការនោះ តាមរបៀបដែលអ្នកមិននឹកស្នានដល់។-Poh Fang Chia