យើងមានចំណុចដែលចង់ឲ្យគេដឹង តែយើងក៏មានចំណុចដែលខ្លាចគេដឹងផងដែរ។ បញ្ហានេះ ស្ថិតក្នុងចំណោមការប្រទាញប្រទុងដ៏ពិបាកបំផុត នៅក្នុងចិត្តរបស់យើង។ ក្នុងនាមយើងជាជីវិតដែលព្រះបានបង្កើត ឲ្យមានរូបដូចព្រះអង្គ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះទេ។ ប៉ុន្តែ ដោយសារនិស្ស័យបាបរបស់យើង នោះយើងគ្រប់គ្នាមានអំពើបាប និងភាពកម្សោយ ដែលយើងមិនចង់ឲ្យអ្នកដទៃដឹងទេ។ ភាពងងឹតនៃជីវិតយើង គឺជាផ្នែកនៃជីវិតយើង ដែលយើងបានលាក់បាំងមិនឲ្យគេដឹង។ ហើយយើងក៏ចង់ឲ្យអ្នកដទៃបង្ហាញចេញ នូវចំណុចល្អបំផុតរបស់ពួកគេផងដែរ។
មូលហេតុដែលយើងមិនចង់ឲ្យគេដឹង អំពីចំណុចមិនល្អរបស់យើង មកពីយើងខ្លាចគេបដិសេធ និងសើចចម្អកឲ្យយើង។ ប៉ុន្តែ យើងនឹងលែងខ្លាចព្រះអង្គដឹងអំពីចំណុចមិនល្អរបស់យើង ពេលដែលយើងដឹងថា ព្រះទ្រង់ស្គាល់យើង ស្រឡាញ់យើង ហើយព្រមអត់ទោសឲ្យយើង ទោះបីជាយើងបានធ្វើខុសធ្ងន់យ៉ាងណាក៏ដោយ។ ហើយពេលដែលយើងបានប្រកបជាមួយពួកជំនុំដែលយល់អំពីទំនាក់ទំនងដ៏មានអំណាច រវាងការអត់ទោស និងការលន់តួបាប យើងក៏លែងមានការភ័យខ្លាច ក្នុងការសារភាពអំពើបាបរបស់យើង ចំពោះគ្នាទៅវិញទៅមក(យ៉ាកុប ៥:១៦)។
ក្នុងជីវិតខាងសេចក្តីជំនឿ យើងមិនគ្រាន់តែបង្ហាញចំណុចល្អរបស់យើងប៉ុណ្ណោះទេ។ យើងក៏បង្ហាញចំណុចងងឹតរបស់យើង ក្នុងពន្លឺនៃព្រះគ្រីស្ទ តាមរយៈការសារភាពបាបចំពោះព្រះ និងចំពោះអ្នកដទៃ។ ការអនុវត្តដូចនេះ អាចជួយឲ្យយើងទទួលការប្រោសឲ្យជា និងរស់នៅ ក្នុងសេរីភាព នៃការអត់ទោសបាប។-Julie Ackerman Link