សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងវប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល លើសពីសម័យណាៗទាំងអស់។ សូមយើងចំណាយពេលគិតបន្តិច អំពីរបស់ដែលគេបានផលិត សម្រាប់ឲ្យយើងប្រើហើយបោះចោល ដូចជាឡាមកោពុកមាត់ ដបទឹកផ្លាស្ទិក ដែកកេះ ចានក្រដាស់ ស្លាព្រា និងសមផ្លាស្ទិកជាដើម។ ផលិតផលទាំងនេះ ត្រូវគេប្រើប្រាស់ ហើយបោះចោល រួចគេយករបស់ថ្មីមកប្រើជំនួស ហើយបោះចោលទៀត ដោយមិនបានប្រើឲ្យស្ថិតស្ថេរ។
វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោលនេះ ក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាទំនាក់ទំនង ដែលកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ នៅក្នុងទំនាក់ទំនង គេចង់ធ្វើការប្តេជ្ញាចិត្ត ឬមិនចង់ ស្រេចតែចិត្ត។ ទំនាក់ទំនងប្តីប្រពន្ធត្រូវមានការតស៊ូកុំឲ្យមានការបាក់បែក។ បុគ្គលិកដែលបានធ្វើការជាយូរឆ្នាំ ត្រូវបានគេបញ្ឈប់ការងារ មុនពេលចូលនិវត្តន៍ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ឬអង្គការ។ កីឡាករដ៏ល្បីល្បាញ បានចាកចេញពីក្រុមមួយ ចូលក្រុមមួយទៀត។ ដូចនេះ យើងមើលទៅ ហាក់ដូចជាគ្មានអ្វីដែលស្ថិតស្ថេរសោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តា របស់ព្រះអង្គស្ថិតស្ថេរជាដរាប។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៦ បានពោលពាក្យសរសើរព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយលើកឡើងអំពីការអស្ចារ្យ កិច្ចការ និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ បន្ទាប់មក គាត់ក៏បានភ្ជាប់ឃ្លានីមួយៗ ដែលនិយាយអំពីព្រះ ដោយពាក្យថា “ដ្បិតសេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”។ យើងអាចទុកចិត្តព្រះអង្គ ដោយព្រោះភាពអស្ចារ្យនៃការដែលព្រះអង្គបានបង្កើតរបស់សព្វសារពើមក(ខ.៤-៩) ដោយសារព្រះអង្គបានជួយសង្រ្គោះរាស្រ្តព្រះអង្គ(ខ.១០-២២) ឬដោយព្រោះព្រះអង្គបានមើលថែរកូនរបស់ព្រះអង្គ ដោយព្រះទ័យដ៏ស្រទន់(ខ.២៣-២៦) ជាងនេះទៅទៀត យើងអាចទុកចិត្តព្រះអង្គ ដោយសារសេចក្តីមេត្តារបស់ព្រះអង្គមិនដែលផុតឡើង។ ក្នុងពិភពលោកសព្វថ្ងៃ សេចក្តីមេត្តាដ៏ស្ថិតស្ថេររបស់ព្រះ បាននាំឲ្យយើងមានសេចក្តីសង្ឃឹម។ បានជាយើងអាចច្រៀងជាមួយនឹងអ្នកនិពន្ធទំនុកដំកើងថា “ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ខ.១)។-Bill Crowder