លើកទង់ជ័យ

ក្ត្រីអេលីហ្សាបិត ទី២(Elizabeth II) បានគ្រងរាជ្យនៅចក្រភពអង់គ្លេស ជាង៦០ឆ្នាំមកហើយ។ ព្រះនាងបានគ្រងរាជ្យ ដោយព្រះទ័យសប្បុរស និងមេត្តា។ ព្រះនាងមានការលះបង់ នៅក្នុងការបម្រើប្រជាជនបានយ៉ាងប្រសើរ ហេតុនេះហើយបានជាគេស្រឡាញ់ និងគោរពព្រះនាងណាស់។ ហើយយើងអាចយល់អំពីអត្ថន័យនៃការដាក់ទង់ជ័យមួយ នៅលើរាជវាំងបាកឃីងហាំ(Buckingham)។ ពេលដែលមានទង់ជ័យ នៅពីលើរាជវាំងនោះ គឺមានន័យថា ព្រះនាងកំពុងប្រថាប់   នៅក្នុងព្រះរាជដំណាក់  ដែលជាបេះដូងនៃទីក្រុងឡុង។ ទង់ជ័យនោះជាការជូនដំណឹងដល់សាធារណៈជនថា ម្ចាស់ក្សត្រីកំពុងគង់នៅជាមួយរាស្រ្តរបស់ទ្រង់។

ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ស្តេចរបស់យើង គឺអង្គព្រះយេស៊ូវ ក៏គង់នៅក្នុងចិត្តយើង ជាក្សត្រដែល “មិនដែលចាកចេញពីយើង ឬបោះបង់ចោលយើងឡើយ”(ហេព្រើ ១៣:៥)។ ការនេះពិតជាអស្ចារ្យសម្រាប់យើងណាស់  ប៉ុន្តែ តើទីបន្ទាល់នៃជីវិតរបស់យើង បានធ្វើឲ្យអ្នកដទៃដឹងថា ព្រះអង្គគង់នៅក្នុងចិត្តយើងឬទេ? បើសិនជាព្រះអង្គគង់នៅក្នុងចិត្តយើង នោះអ្នកដទៃប្រាកដជាអាចដឹងថា ព្រះអង្គគង់នៅមែន។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើងត្រូវធ្វើជា“អ្នកត្រាប់តាមព្រះ” ហើយ “ដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង” (អេភេសូរ ៥:១-២)។ កាលណាយើងបានអនុវត្តដូចនេះហើយ នោះគេនឹងបានឃើញថា យើងមានសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត(កាឡាទី ៥:២២-២៣)។

ដូចនេះ ចូរយើងបង្ហាញឲ្យគេឃើញទង់ជ័យនៃព្រះវត្តមានព្រះអង្គ ក្នុងជីវិតយើង ដែលជាទង់ជ័យនៃព្រះគុណ សេចក្តីសុចរិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីឲ្យអ្នកដទៃបានឃើញព្រះអង្គតាមរយៈយើង។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles