ពាក្យសម្តី ដែលនិយាយចំពេល

នៅបច្ចឹមប្រទេស  មានពាក្យស្លោកមួយពោលថា  “ការស្គាល់ពេលវេលា  គឺសំខាន់សម្រាប់គ្រប់ការទំាងអស់”។ ព្រះគម្ពីរក៏បានបង្រៀនផងដែរថា យើងត្រូវនិយាយស្តី និងប្រើពាក្យសម្តីឲ្យត្រូវពេល។  ចូរគិតអំពីពេលដែលព្រះបានប្រើអ្នក ឲ្យនិយាយលើកទឹកចិត្តនរណាម្នាក់ ចំពេលល្អ ឬគិតអំពីពេលដែលអ្នកចង់និយាយ តែអ្នកមិនបាននិយាយ ដោយសារពេលវេលាមិនអំណោយផល។

ព្រះគម្ពីរបានចែងថា មានពេលសម្រាប់និយាយ និងពេលនៅស្ងៀម(សាស្តា ៣:៧)។    ម្យ៉ាងទៀត    ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពាក្យសម្តីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ដែលគេឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ(សុភាសិត ២៥:១១-១២)។ ការស្គាល់ពេលដែលត្រូវនិយាយ  គឺចំណេញដល់អ្នកនិយាយ  និងអ្នកស្តាប់ ទោះនោះជាពាក្យសម្តីនៃសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត ឬការស្តីបន្ទោសក្តី។ ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពេលដែលយើងចង់បញ្ចេញកំហឹង បន្ទាបបន្ថោក ឬនិយាយដើមអ្នកជិតខាងណាម្នាក់ យើងត្រូវទប់អណ្តាតរបស់យើង ដោយដឹងថា ពេលនោះជាពេលដែលត្រូវនៅស្ងៀម(១១:១២-១៣)។ ពេលដែលសម្តីប៉ប៉ាច់ប៉ប៉ោច ឬកំហឹងនាំឲ្យយើងធ្វើបាបទាស់នឹងព្រះ ឬអ្នកដទៃ នោះយើងអាចជម្នះនឹងការល្បួងនេះបាន ដោយទប់បបូរមាត់ ហើយយឺតនឹងនិយាយ(១០:១៩ យ៉ាកុប ១:១៩)។

ជាញឹកញាប់ យើងច្រើនតែពិបាកក្នុងការនិយាយ ដោយមិនដឹងថា ត្រូវនិយាយអ្វី ហើយត្រូវនិយាយពេលណាទើបល្អ។ តែព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងដឹងថា ត្រូវនិយាយពីអ្វី ហើយនិយាយពេលណា ដោយអាកប្បកិរិយ៉ាដ៏ត្រឹមត្រូវ ដើម្បីជាប្រយោជន៍អ្នកដទៃ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles