ប្រទេសសឹង្ហបូរី ជាដែនកោះដ៏តូចមួយ។ សណ្ឋានដីប្រទេសនេះតូចណាស់ បានជាគេស្ទើរតែមិនអាចមើលប្រទេសនេះឃើញ ក្នុងផែនទីពិភពលោក។ ដោយសារប្រទេសនេះមានដង់ស៊ីតេប្រជាជនខ្ពស់ នោះប្រជាជនដែលរស់នៅកកកុញ ចាំបាច់ត្រូវចេះគិតដល់អ្នកដទៃ។ ទាក់ទងនឹងរឿងនេះ បុរសម្នាក់មានគូដណ្តឹង ដែលរៀបនឹងធ្វើដំណើរមកលេងប្រទេសសាំងហ្កាពួរជាលើកដំបូង។ គាត់បានសរសេរសំបុត្រទៅកាន់នាងថា “ទីកន្លែងនៅប្រទេសសឹង្ហបូរីមានលក្ខណៈចង្អៀតណាស់។ ដូច្នេះ … ពេលអូនមកលេង សូមអូនគិតអំពីមនុស្សដែលនៅក្បែរអូនជានិច្ច។ អូនគួរចៀសផ្លូវឲ្យគេដើរ។ គន្លឹះសំខាន់នោះ គឺការចេះគិតដល់អ្នកដទៃ”។
យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅលោកទីតុស ដែលជាគ្រូគង្វាលវ័យក្មេងថា “ចូររំឭកគេ ឲ្យ … ស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង”(ទីតុស ៣:១-២)។ មានពាក្យមួយពោលថា “ទីបន្ទាល់នៃជីវិតយើង គឺប្រៀបដូចជាព្រះគម្ពីរសម្រាប់ឲ្យគេមើល”។ គ្រីស្ទបរិស័ទត្រូវរស់នៅ ដោយទីបន្ទាល់ល្អ ដែលធ្វើឲ្យលោកិយមើលឃើញថា យើងមានជីវិតខុសប្លែកពីគេ។ បើសិនជាយើងជាមនុស្សឆេវឆាវ អាត្មានិយម ហើយគ្មានការគួរសម តើអ្នកដទៃនឹងគិតយ៉ាងណា អំពីព្រះគ្រីស្ទ និងដំណឹងល្អដែលយើងបានផ្សាយដល់គេ?
ការចេះគិតដល់អ្នកដទៃ ជាបាវចនាដ៏ល្អមួយ ដែលយើងត្រូវមានក្នុងការរស់នៅ ហើយជាអ្វីដែលយើងអាចធ្វើទៅបាន ដោយពឹងផ្អែកលើព្រះអម្ចាស់។ កាលណាយើងចេះគិតដល់អ្នកដទៃ នោះយើងបានយកគំរូតាមព្រះគ្រីស្ទ ហើយបង្ហាញដល់លោកិយថា ព្រះយេស៊ូវបានសង្រ្គោះ និងធ្វើឲ្យជីវិតផ្លាស់ប្រែ។-Poh Fang Chia