អ្នកស្រីអេមី(Amy) បានតយុទ្ធនឹងជម្ងឺមហារីកអស់រយៈពេល៥ឆ្នាំ។ បន្ទាប់មក វេជ្ជបណ្ឌិតក៏បានប្រាប់គាត់ថា ការព្យាបាលមិនបានទទួលជោគជ័យទេ ហើយគាត់មានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់រស់នៅ។ បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីអេមីចង់ស្វែងយល់ អំពីជីវិតអស់កល្បជានិច្ច ដែលព្រះបានធានាថា នឹងប្រទានដល់អស់អ្នកដែលជឿទ្រង់។ គាត់ក៏បានសួរគ្រូគង្វាលរបស់គាត់ថា “តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេចខ្លះ?”
លោកគ្រូគង្វាលក៏បានសួរគាត់ អំពីរបស់អ្វីខ្លះដែលគាត់ចូលចិត្តបំផុត ក្នុងជីវិតនៅលើផែនដីនេះ។ គាត់ក៏បានជម្រាបលោកគ្រូគង្វាលថា គាត់ចូលចិត្តការដើរកម្សាន្ត និងចូលចិត្តឥន្ទធនូ ហើយក៏ចូលចិត្តមិត្តភ័ក្តិដែលចិត្តល្អ និងសម្លេងសើចរបស់ក្មេងៗ។ គាត់ក៏បានសួរលោកគ្រូគង្វាលដោយសេចក្តីស្រឡាញ់ថា “អញ្ចឹង តើលោកគ្រូគិតថា ខ្ញុំនឹងមានរបស់ទាំងអស់នោះ នៅស្ថានសួគ៌ឬទេ?”
លោកគ្រូគង្វាលក៏បានឆ្លើយថា “ខ្ញុំជឿថា ពេលដែលអ្នកបានទៅនៅនគរស្ថានសួគ៌ ជីវិតរបស់អ្នក នឹងមានភាពស្រស់ស្អាត ហើយអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់ស្រឡាញ់ ឬបានជួបនៅក្នុងជីវិតនេះ។ សូមគិតអំពីអ្វីដែលល្អបំផុត ក្នុងជីវិតនេះ ហើយសូមគុណការទាំងនោះមួយរយ មួយពាន់ ឬមួយលានដង។ ខ្ញុំយល់ថា នគរស្ថានសួគ៌មានលក្ខណៈល្អដូចនេះឯង”។
ព្រះគម្ពីរមិនបានរៀបរាប់ជាលម្អិតថា ជីវិតនៅស្ថានសួគ៌ដ៏អស់កល្ប មានលក្ខណៈដូចម្តេចខ្លះទេ ប៉ុន្តែ ព្រះគម្ពីរពិតជាបានប្រាប់យើងថា ការបានទៅនៅជាមួយព្រះគ្រីស្ទ នៅនគរស្ថានសួគ៌គឺ “ប្រសើជាង” កាលៈទេសៈនៃជីវិតក្នុងពេលបច្ចុប្បន្ន ជាច្រើនដង(ភីលីព ១:២៣)។ “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបម្រើទ្រង់”(វិវរណៈ ២២:៣)។
អ្វីដែលអស្ចារ្យបំផុតនោះ គឺយើងនឹងបានជួបព្រះអម្ចាស់យេស៊ូវ មុខទល់នឹងមុខ។ ព្រះអង្គនឹងចម្អែតការស្រេកឃ្លានដ៏ខ្លាំងបំផុតរបស់យើង។-Anne Cetas