មានកិត្តិយស ដែលបានដើរតាម

ថ្ងៃមួយ មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ បានទៅលេងទីក្រុងយេរូសាឡិម។ គាត់ក៏បានឃើញគ្រូសាសនាយូដាម្នាក់ កំពុងដើរកាត់ពីមុខជញ្ជាំងនៃការទូលអង្វរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះគ្រូដែលមានវ័យចាស់រូបនោះ គឺគាត់មានបុរសវ័យក្មេង៥នាក់ ដើរពីក្រោយគាត់។ ពួកគេកំពុងដើរឈ្ងោកមុខ និងដើរអូសជើង ដូចគ្រូរបស់ពួកគេដែរ។ ជនជាតិយូដានិកាយអ័រតូដុក ដែលបានឃើញពួកគេ ប្រាដកជាដឹងថា ពួកគេកំពុងធ្វើត្រាប់គ្រូរបស់ខ្លួន។ ពួកគេជា “សិស្ស ឬអ្នកដើរតាម”គាត់។

ក្នុងប្រវត្តិសាស្រ្តនៃសាសនាយូដា ការមានឯកសិទ្ធិធ្វើជា “អ្នកដើរតាម”គ្រូសាសនាយូដាប្រចាំតំបន់ គឺស្ថិតក្នុងចំណោមមុខនាទីដែលមានកិត្តិយសបំផុត សម្រាប់បុរសជនជាតិយូដា ឬជនជាតិអ៊ីស្រាអែល។ អ្នកដើរតាម តែងអង្គុយនៅទៀបជើងរបស់គ្រូខ្លួន ពេលគាត់បង្រៀន។ ពួកគេសិក្សាពាក្យសម្តីរបស់គាត់ ហើយមើលរបៀបដែលគាត់ប្រព្រឹត្ត និងឆ្លើយតបចំពោះបញ្ហាក្នុងជីវិត និងចំពោះអ្នកដទៃ។  អ្នកដើរតាមរាប់ថា ខ្លួនមានកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលបានបម្រើគ្រូរបស់ខ្លួន សូម្បីតែនៅក្នុងកិច្ចការដ៏តូចបំផុតក៏ដោយ។ ហើយដោយសារពួកគេកោតសរសើរគ្រូរបស់ខ្លួន នោះពួកគេប្តេជ្ញាថា នឹងធ្វើឲ្យខ្លួនឯងមានលក្ខណៈដូចគាត់។

ពេលព្រះយេស៊ូវត្រាសហៅសិស្សរបស់ទ្រង់ ឲ្យដើរតាមព្រះអង្គ(ម៉ាថាយ ៤:១៩) ព្រះអង្គបានត្រាសហៅពួកគេ ដើម្បីឲ្យព្រះអង្គកែប្រែជីវិតរបស់ពួកគេ ឲ្យមានលក្ខណៈដូចព្រះអង្គ ហើយចែកផ្សាយអំពីព្រះទ័យស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលត្រូវការព្រះសង្រ្គោះ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើជាអ្នកដើរតាមព្រះអង្គ ហើយយើងគួរតែបង្ហាញឲ្យគេដឹងថា យើងមានកិត្តិយសនោះមែន តាមរយៈការរស់នៅរបស់យើង។ យើងក៏បានទទួលការត្រាសហៅ ឲ្យធ្វើជាគំរូល្អដល់លោកិយ ដោយការនិយាយស្តី គិត និងប្រព្រឹត្តតាមព្រះយេស៊ូវ ដែលជាគ្រូ នៃវិញ្ញាណរបស់យើង។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles