ការសម្រាកយ៉ាងសុខសាន្ត

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងប្រាយអិន(Brian) កូនប្រុសរបស់ខ្ញុំ បាននាំគ្នាដឹកជញ្ជូនសម្ភារៈមួយចំនួន ទៅកសិដ្ឋានរបស់មិត្តភក្តិយើងម្នាក់ នៅតំបន់ដាច់ស្រយ៉ាលក្នុងរដ្ឋអ៊ីដាហូ។ គេមិនមានផ្លូវថ្នល់ សម្រាប់បើកឡានចូលក្នុងតំបន់នោះទេ គឺមានតែផ្លូវលំ ដែលឡានរបស់ខ្ញុំមិនអាចបើកបរបាន។ ដូចនេះ លោករ៉ាប(Ralph) ដែលជាអ្នកគ្រប់គ្រងវ័យក្មេង របស់កសិដ្ឋាននោះ ក៏បានឲ្យយើងឈប់នៅចុងផ្លូវ ដើម្បីឲ្យគាត់មកទទួលយើង ដោយរទេះសេះ ដែលអូសទាញដោយសត្វលាកាត់មួយគូ។ នៅតាមផ្លូវទៅកាន់កសិដ្ឋាននោះ ខ្ញុំក៏បាននិយាយគ្នាលេងជាមួយលោករ៉ាប ហើយខ្ញុំក៏បានដឹងថា គាត់បានរស់នៅក្នុងដីកសិដ្ឋាននោះពេញមួយឆ្នាំៗ។ ខ្ញុំក៏បានសួរគាត់ថា “នៅរដូវរងា តើអ្នកមានការពិបាកក្នុងការរស់នៅទេ?” ខ្ញុំសួរដូចនេះ ព្រោះខ្ញុំដឹងថា នៅតំបន់ដាច់ស្រយ៉ាលដូចនេះ  រដូវរងារគឺមានរយៈពេលវែង ហើយមានការពិបាកណាស់ ហើយម្យ៉ាងទៀត កសិដ្ឋានមិនមានអគ្គីសនី ឬសេវាទូរស័ព្ទទេ  គឺមានតែវិទ្យុទាក់ទងផ្កាយរណប។ គាត់ក៏បាននិយាយយឺតៗថា “ជាការពិតណាស់ នៅទីនេះមានសភាពស្ងប់ស្ងាត់ល្អណាស់”។

នៅថ្ងៃ ដែលយើងទទួលរងសំពាធគ្រប់បែបយ៉ាង ក្នុងការរស់នៅ ជួនកាល យើងស្រេកឃ្លានសន្តិភាព និងភាពស្ងប់ស្ងាត់។ បរិយ៉ាកាសមានសម្លេងរំខានច្រើនពេក ហើយក៏មានមនុស្សនៅក្បែរយើងច្រើនពេក បានជាយើងចង់ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ តើយើងអាចរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកឬទេ? ជាការពិតណាស់ យើងពិតជាអាចរកបានកន្លែងស្ងប់ស្ងាត់។  ពេលយើងអាចចំណាយពេលមួយភ្លែត  ដើម្បីជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់  និងសេចក្តីមេត្តាករុណារបស់ព្រះ  ហើយផ្ទេរគ្រប់ទាំងបន្ទុកដល់ទ្រង់ យើងនឹងរកឃើញកន្លែងដ៏ស្ងប់ស្ងាត់ ដែលមានពេញដោយព្រះវត្តមានព្រះ និងសន្តិភាព។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles