ព្រះហស្តព្រះ

មានពេលមួយអង្គការណាសា ចាប់ផ្តើមប្រើកែវយឺតយក្សប្រភេទថ្មី ដែលអាចចាប់បាច់ពន្លឺខុសៗគ្នា ដើម្បីថតរូបភាពក្នុងទីអវកាសកាន់តែច្បាស់ជាងមុន។ ពេលនោះអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើល ចំពោះរូបថតមួយ ក្នុងចំណោមរូបថតជាច្រើនដែលកែវយឺតនោះថតបាន។ ក្នុងរូបថតនោះ គេឃើញរូបភាពដែលមើលទៅដូចម្រាមដៃ មេដៃ និងបាតដៃដែលបើកចំហរបាញ់ចេញជាបាច់ពន្លឺពណ៌ខៀវ ស្វាយ បៃតង និងពណ៌មាស។ អ្នកខ្លះបានហៅរូបភាពនោះថា “ព្រះហស្តរបស់ព្រះ”។

ព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីការដែលព្រះលាព្រះហស្តទ្រង់ ចុះមករកមនុស្សដែលត្រូវការជំនួយ ដែលនោះជាខ្លឹមសារដ៏សំខាន់របស់ព្រះគម្ពីរ។ គម្ពីរទំនុកដំកើង ជំពូក៦៣ បានចែងថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”(ខ.៧-៨)។ ត្រង់ចំណុចនេះ អ្នកនិពន្ធទំនុកដំកើងយល់ថា ជំនួយរបស់ព្រះអម្ចាស់ គឺប្រៀបបាននឹងព្រះហស្តដែលជួយទ្រទ្រង់គាត់។ គ្រូបង្រៀនព្រះគម្ពីរខ្លះយល់ថា ស្តេចដាវីឌបាននិពន្ធទំនុកមួយនេះ ក្នុងវាលរហោស្ថាន នៃនគរយូដា ក្នុងអំឡុងពេលដែលអាប់សាឡំម ព្រះបុត្រាទ្រង់បះបោរទាស់នឹងទ្រង់។ អាប់សាឡំមបានឃុបឃិតនឹងពួកមន្ត្រី ដើម្បីដណ្តើមរាជ្យស្តេចដាវីឌ ហើយដាវីឌក៏បានរត់គេចខ្លួន ទៅវាលរហោស្ថាន(២សាំយ៉ូអែល ១៥-១៦)។ សូម្បីតែក្នុងអំឡុងពេលដ៏ពិបាកនេះ ព្រះទ្រង់នៅតែគង់នៅជាមួយស្តេចដាវីឌ ហើយស្តេចដាវីឌក៏បានទុកចិត្តព្រះអម្ចាស់។ ស្តេចដាវីឌមានបន្ទូលថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់”(ទំនុកដំកើង ៦៣:៣)។

ជីវិតយើងអាចមានការឈឺចាប់ នៅពេលខ្លះ តែព្រះទ្រង់ប្រទានព្រះហស្តនៃការកម្សាន្តចិត្ត ដល់យើងក្នុងពេលដ៏ពិបាកនោះ។ ដូចនេះ ទ្រង់មិនដែលនៅឆ្ងាយ ដែលយើងឈោងមិនដល់នោះឡើយ។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles