
ថ្លុកភក់
ដោយDavid Cegner
March 28, 2017
មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។ ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។ ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។ ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា នឹងអត់ទោសឲ្យយើង(១យ៉ូហាន ១:៩)។ បើសិនជាអ្នកចេះតែត្រឡប់មករត់ក្នុងថ្លុកភក់នៃជីវិត ម្តងហើយម្តងទៀត ដូចខ្ញុំដែរ នោះចូរកុំអស់សង្ឃឹមឡើយ។ ព្រះទ្រង់នឹងជួយឲ្យអ្នកជម្នះការល្បួង ហើយទ្រង់នឹងមិនឈប់ស្រឡាញ់អ្នកឡើយ។-Dave Egner
បទគម្ពីរប្រចាំថ្ងៃ
មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្តីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត។-ខ.២