
អំណោយដែលព្រះសព្វព្រះទ័យ
ដោយAnne Cetas
April 10, 2017
បន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវឆ្ងាយ ទៅធ្វើជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ។ ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ”(ខ.៣)។ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា “ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាងបានធ្វើការនេះ ជាការល្អដល់ទ្រង់ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។ តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិដល់ទ្រង់ឬទេ? ដរាបណា អ្នកថ្វាយទ្រង់ដោយក្តីស្រឡាញ់ នោះទ្រង់សព្វព្រះទ័យនឹងទទួលពីអ្នកជានិច្ច ទោះអំណោយនេះមានតម្លៃថ្លៃ ឬថោក ឬមួយអ្នកដទៃមិនឲ្យតម្លៃក៏ដោយ។ របស់អ្វីក៏ដោយ ដែលអ្នកថ្វាយទ្រង់ដោយចិត្ត ដែលស្រឡាញ់ សុទ្ធតែជាការដ៏ល្អដល់ទ្រង់ហើយ។-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់មានព្រះបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់។-ខ.៦