
ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?
ដោយDavid Cegner
April 11, 2017
មានពេលមួយ គេបានសួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែលជាគ្រូគង្វាលជនជាតិអង់គ្លេសថា “ហេតុអ្វីបានជាព្រះយេស៊ូវជ្រើសរើសយូដាស ឲ្យធ្វើជាសាវ័ករបស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបានស៊ីជម្រៅ អស់មួយរយៈ តែមិនអាចឆ្លើយបាន។ គាត់ក៏ប្រាប់គេថា “ពេលខ្ញុំគិតអំពីសំណួរនេះ ខ្ញុំក៏បាននឹកឃើញសំណួរមួយទៀត ដែលកាន់តែពិបាកឆ្លើយជាងនេះ ថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” នេះជាសំណួរ ដែលគេបានសួរអស់ជាច្រើនសតវត្សរ៍មកហើយ។ ពេលដែលមនុស្សមានចិត្តឈឺចាប់ នឹងអំពើបាបរបស់ខ្លួន ហើយដឹងថា ខ្លួនមានកំហុស ពួកគេក៏បានស្រែករកសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ។ ពួកគេមានអំណរយ៉ាងខ្លាំង ពេលបានដឹងថា ព្រះយេស៊ូវបានស្រឡាញ់ពួកគេយ៉ាងខ្លាំង បានជាទ្រង់សុគតជួសពួកគេ ហើយទ្រង់ក៏បានអត់ទោសបាបឲ្យពួកគេ។ ពួកគេមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ពួកគេយ៉ាងនេះ។ ខ្ញុំក៏ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត និងអំពើបាប ដែលមានក្នុងជីវិតខ្ញុំ គឺបានទទួលការជម្រុញពីចិត្តដែលខ្មៅងងឹត តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិនសក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ ខ្ញុំជាមនុស្សគ្មានតម្លៃ ហើយក៏គ្មានសង្ឃឹមផង តែទ្រង់នៅតែបើកចំហរព្រះហស្ត និងព្រះទ័យទទួលខ្ញុំ។ ខ្ញុំស្ទើរតែអាចស្តាប់ឮទ្រង់ខ្សិបថា ទ្រង់ស្រឡាញ់ខ្ញុំ ខ្លាំងជាងខ្ញុំស្រឡាញ់អំពើបាបរបស់ខ្ញុំ។ ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំពើបាបរបស់ខ្ញុំ។ ខ្ញុំបានការពារវា ហើយក៏បានបដិសេធន៍ថា ខ្ញុំមិនបានប្រព្រឹត្តខុសទេ។ តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ ដោយអត់ទោសបាបឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យរួច។ ហេតុអ្វីបានជាទ្រង់ជ្រើសរើសខ្ញុំ? ខ្ញុំមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ខ្ញុំយ៉ាងនេះ។ តែខ្ញុំដឹងថា ទ្រង់ស្រឡាញ់ខ្ញុំ ហើយក៏ស្រឡាញ់អ្នកផងដែរ!-Dave Egner
បទគម្ពីរប្រចាំថ្ងៃ
តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។-រ៉ូម ៥:៨