មានមិត្តភក្តិមួយក្រុម បានចាប់ផ្តើមរៀបផែនការដាំបន្លែ ក្នុងច្បារដំណាំរបស់ខ្លួន នៅរដូវប្រាំង។ អ្នកខ្លះឆាប់ចាប់ផ្តើមអនុវត្ត ដោយដាំគ្រាប់ពូជ ខាងក្នុងអគារ ដើម្បីឲ្យពួកគេអាចគ្រប់គ្រងលក្ខខ័ណ្ឌប្រកប និងផ្តល់ឲ្យនូវបរិស្ថានដ៏ល្អបំផុត សម្រាប់ឲ្យគ្រាប់ពូជចេញពន្លក។ បន្ទាប់ពីអាកាសធាតុត្រជាក់ដ៏គ្រោះថ្នាក់ ដែលធ្វើឲ្យទឹកទន្លេកក បានកន្លងផុតទៅ ពួកគេនឹងយកគ្រាប់ដែលចេញពន្លក ទៅដាំខាងក្រៅ។ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បារបន្លែហើយ ពួកគេត្រូវចាប់ផ្តើមសម្អាតស្មៅ ដាក់ជី ស្រោចទឹក ហើយការពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិតបំផ្លាញដំណាំ។ ដូចនេះ ដើម្បីផលិតអាហារ គេត្រូវធ្វើការជាច្រើន។
មុនពេលពួកអ៊ីសា្រអែលចូលទឹកដីសន្យា លោកម៉ូសេបានរំឭកពួកគឺ អំពីការខិតខំបង្ករបង្កើនផល។ ពេលពួកគេកំពុងរស់នៅក្នុងនគរអេស៊ីព្ទ ពួកគេត្រូវខិតខំធ្វើការបញ្ចូលទឹក ក្នុងច្បារបន្លែ ដោយប្រើកម្លំាងបាយ(ចោទិយកថា ១១:១០) តែព្រះទ្រង់បានសន្យាថា នៅក្នុងទឹកដីដែលទ្រង់កំពុងនាំពួកគេចូលទៅរស់នៅ ទ្រង់នឹងមិនឲ្យពួកគេពិបាកដូចមុនឡើយ គឺដូចដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងបង្អុរឲ្យមានភ្លៀងមកលើស្រុកនោះតាមរដូវកាល គឺជាភ្លៀងខាងដើមរដូវ និងខាងចុងរដូវ(ខ.១៤)។ ដើម្បីទទួលព្រះពរនោះ ទ្រង់មានលក្ខខ័ណ្ឌមួយ គឺឲ្យពួកគេ “ស្តាប់អស់ពីចិត្ត តាមបង្គាប់ ដែលទ្រង់ប្រាប់នោះ ឲ្យបានស្រឡាញ់ដល់ព្រះអម្ចាស់ ជាព្រះនៃពួកគេ និងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងផង(ខ.១៣)។ ព្រះអម្ចាស់កំពុងនាំរាស្ត្រទ្រង់ ទៅកន្លែងមួយ ដែលនៅទីនោះ ការស្តាប់បង្គាប់ និងព្រះពររបស់ទ្រង់ នឹងជួយឲ្យពួកគេរស់នៅជាពន្លឺ ដល់មនុស្សដែលនៅជុំវិញពួកគេ។
ព្រះទ្រង់ក៏មានព្រះទ័យដូចនេះ សម្រាប់យើងផងដែរ។ ទ្រង់សព្វព្រះទ័យឲ្យយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ តាមរយៈការស្តាប់បង្គាប់ ដើម្បីឲ្យយើងបានធ្វើជាពន្លឺរបស់ទ្រង់ ទៅដល់មនុស្សដែលនៅជុំវិញយើង។ ទ្រង់សក្តិសមនឹងទទួលក្តីស្រឡាញ់ និងការស្តាប់បង្គាប់របស់យើង។ ទ្រង់ជាអ្នកផ្គត់ផ្គង់ និងប្រទានពរយើង ហើយជួយឲ្យយើងធ្វើជាពន្លឺ ដើម្បីឲ្យលោកិយបានស្គាល់ទ្រង់។-Julie Ackerman Link