មនុស្សសាមញ្ញ

លោក​គីឌាន ជា​មនុស្ស​សាមញ្ញ​ម្នាក់។ រឿង​របស់​គាត់ ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ពួក​ចៅហ្វាយ ៦ បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។ គាត់​ជា​កសិករ​ម្នាក់ ដែល​ខ្វះ​ភាព​ក្លាហាន។ ពេល​ព្រះ​ត្រាស់​ហៅ​គាត់ ឲ្យ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស​សាសន៍​មីឌាន គាត់​ឆ្លើយ​តប​ថា “ឱ​ព្រះអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​​គ្រួ​សារ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង”(ពួកចៅហ្វាយ ៦:១៥)។ ពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​លោក​គីឌាន ហើយ​គាត់​នឹង​សម្រេច​កិច្ច​ការ ដែល​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​គាត់​ធ្វើ​នោះ(ខ.១៦)។ ការ​ស្តាប់​បង្គាប់​របស់​លោក​គីឌាន​ក៏​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា​អែល​មាន​ជ័យជម្នះ ហើយ​គេ​ក៏​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ចំណោម​វីរៈបុរស​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ជំនឿ​(ហេព្រើ ១១:៣២)។

មាន​មនុស្ស​ជា​ច្រើន​ទៀត​ក៏​មាន​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​ផែន​ការ​ជួយ​សង្រ្គោះ​ប្រជា​ជន​អ៊ីស្រាអែល ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ក្លា។ ព្រះ​ទ្រង់​បាន​ប្រទាន​មនុស្ស​៣០០​នាក់ ដល់​លោក​គីឌាន ដែល​សុទ្ធ​សឹង​ជា​វីរបុរស​ដ៏​អង់​អាច ដើម្បី​ឈ្នះ​សង្រ្គាម។ ព្រះ​គម្ពីរ​មិន​បាន​កត់​ទុក​ឈ្មោះ​របស់​ពួក​គេទេ​ តែ​ព្រះ​គម្ពីរ​បាន​កត់​ទុក​នូវ​ភាព​​ក្លាហាន និង​ការស្តាប់​បង្គាប់​របស់​ពួក​គេ​​(ពួកចៅហ្វាយ ៧:៥-២៣)។

សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ មនុស្ស​សាមញ្ញ​ៗ ឲ្យ​ធ្វើ​ការ​ថ្វាយ​ទ្រង់ ហើយ​ទ្រង់បាន​ធានា​យើង​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ពេល​ដែល​យើង​បម្រើ​ទ្រង់។ ដោយ​សារយើង​ជា​មនុស្ស​សាមញ្ញ​ដែល​ព្រះ​ទ្រង់​ប្រើ នោះ​ការ​នេះ​បាន​បង្ហាញ​ច្បាស់​ថា អំណាច​ដែល​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ​នោះ គឺ​មាន​ប្រភព​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​នោះ​ឡើយ។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles