ការជួយសម្រាលបន្ទុក

ការ​ជិះ​កង់​សណ្តោង​រឺម៉ក​ដឹក​ឥវ៉ាន់​ធ្ងន់​ៗ មិន​មែន​ជា​ការ​ងាយ​ទេ។ មនុស្ស​ពេញ​វ័យ​ជា​ទូទៅ ​អាច​ជិះ​កង់​សណ្តោង​រឺម៉ក​ដែល​ផ្ទុក​ទម្ងន់​ប្រហែល​១៥០​គីឡូ​ក្រាម ដោយ​ល្បឿន​ប្រហែល ១៦​គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង។ តែ​នៅ​មាន​បញ្ហា​មួយ​ទៀត : ការ​ជិះ​កង់​សណ្តោង​រឺម៉កដែល​មាន​បន្ទុក​កាន់​តែ​ធ្ងន់ គឺ​មាន​ន័យ​ថា អ្នក​ត្រូវ​ជិះ​កង់​កាន់​តែ​យឺត ហើយ​ពិបាក​ជាង​មុន។ អ្នក​ដែល​ជិះ​កង់​សណ្តោង​រឺម៉ក ដែល​ផ្ទុក​ឧបករណ៍​ជាង ឬ​របស់​របរ លើស​៣០០​គីឡូ​ក្រាម អាច​ធាក់​កង់​ទៅ​មុខ ដោយ​ល្បឿន​ដែល​លឿន​បំផុត តែ​១២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​ម៉ូសេ ដែល​បាន​ទទួល​បន្ទុក​ដ៏​ធ្ងន់ ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ​ស្ថាន គឺ​ជា​បន្ទុក​ខាង​ផ្លូវ​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​គាត់​ទៅ​មុខ​លែង​រួច។ កាល​នោះ​ ពួក​អ៊ីស្រាអែល​ស្រេក​ឃ្លាន​ចង់​បរិភោគ​សាច់ ជា​ជាង​ញាំ​នំម៉ា​ណា​រាល់​ថ្ងៃ តែ​ជា​លទ្ធ​ផល​ពួក​គេ​មាន​តែ​ទឹក​ភ្នែក។ ពេល​លោក​ម៉ូសេ​ឮ​ពួក​គេ​ទួញ​យំ​មិន​ចេះ​ឈប់​ដូច​នេះ គាត់​មាន​ការ​រំខាន​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​គាត់ទូល​ដល់​ព្រះ​អម្ចាស់​ថា “រូប​ទូលបង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កំឡាំង​ទូលបង្គំ​ហើយ”(ជនគណនា ១១:១៤)។

ពេល​លោក​ម៉ូសេ​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង គាត់​គ្មាន​សមត្ថ​ភាព ដើម្បី​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ប្រាប់​គាត់​ឲ្យ​ជ្រើស​រើស​មនុស្ស​ប្រុស​៧០​នាក់ ឲ្យ​ធ្វើ​ការ​ជា​មួយ​គាត់ ដើម្បី​ចែក​រំលែក​បន្ទុក​របស់​គាត់។ គឺដូចដែលទ្រង់មានបន្ទូលប្រាប់គាត់ថា ទ្រង់​នឹង​ចុះ​មក​និយាយ​នឹង​គាត់ ហើយ​នឹង​ចែក​ព្រះវិញ្ញាណ ដែល​សណ្ឋិត​លើ​គាត់ ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​គាត់ ដើម្បី​កុំ​ឲ្យគាត់​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ(ខ.១៧)។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​ទេ។ យើង​មាន​ព្រះ​យេស៊ូវ ដែល​តែង​តែ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង​ជា​និច្ច។ ហើយ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​គ្រីស្ទ សម្រាប់​ចែក​រំលែក​បន្ទុក​យើង។ ពេល​យើង​ថ្វាយ​បន្ទុក​របស់យើង​ដល់​ទ្រង់ ទ្រង់​នឹង​ប្រទាន​យើង នូវ​ប្រាជ្ញា និង​ការ​ទ្រទ្រង់។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles