ការងាកចេញពីភាពបាត់បង់

អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​លោក​វីលៀម ហ្ស៊ីនស័រ(William Zinsser) បាន​ពិពណ៌​នា អំពី​ការ​ទៅមើល​ផ្ទះ​របស់​គាត់​ជា​លើក​ចុង​ក្រោយ។ គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ផ្ទះ​នោះ ជា​កន្លែងដែល​គាត់​ស្រឡាញ់​យ៉ាង​ខ្លាំង កាល​ពី​វ័យ​កុមារ។ ពេល​គាត់ និង​ភរិយា​គាត់​បាន​ធ្វើ​ដំណើរ​មក​ដល់​កូន​ភ្នំ​មួយ ដែល​គេ​អាច​ឈរ​មើល​តំបន់​ឆក​សមុទ្រ​ម៉ានហាសសេត(Manhasset Bay) និង​តំបន់​ឡង អាយឡិន សោន(Long Island Sound) ពួក​គេ​ក៏​បាន​ដឹង​ថា ផ្ទះ​នោះ​ត្រូវ​បាន​គេ​រុះ​រើ​ចោលហើយ នៅ​សល់​តែ​រណ្តៅ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ។ ពួក​គេ​ក៏​ដើរ​ទៅ​កាន់​ជញ្ជាំង​ការពារ​ទឹក​សមុទ្រ ដែលនៅ​ក្បែរ​នោះ ដោយ​ការ​បាក់​ទឹក​ចិត្ត។ លោក​វីលៀម​ក៏​បាន​មើល​ទៅឆ្នេរ​សមុទ្រ ដែល​មាន​សម្លេង និង​ទេសភាព​ដ៏​ស្រស់​ស្អាត។

ក្រោយ​មក គាត់​ក៏​បាន​សរសេរ​អំពី​បទ​ពិសោធន៍​មួយ​នេះ នៅក្នុង​សៀវ​ភៅ​របស់​គាត់​ថា “ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្បើយ ហើយ​គ្រាន់តែ​មិន​សប្បាយ​ចិត្ត​បន្តិច។ ទេស​ភាព​មាត់​សមុទ្រ​នៅ​តែ​ល្អ​ស្អាត​ដូចមុន : គឺ​ទេស​ភាព​ដី និង​សមុទ្រ​ដែល​ព្រះ​បាន​តុប​តែង​យ៉ាង​ពិសេស ដែល​ខ្ញុំ​នៅ​តែ​ចង​ចាំ​យ៉ាង​ច្បាស់ បាន​ជា​ខ្ញុំ​នៅ​តែ​ស្រមៃ​ឃើញ​នៅ​ក្នុង​ចិត្ត”។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​បាន​សរសេរ​នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង អំពី​ពេល​ដ៏​វេទនា ដែល​ព្រលឹង​គាត់​មិន​ព្រម​ក្សាន្ត​ទុក្ខ ហើយ​វិញ្ញាណ​គាត់​ក៏​ល្វើយ​ទៀត​(ទំនុកដំកើង ៧៧:២-៣)។ ប៉ុន្តែ ក្នុងពេល​មាន​ទុក្ខ​យ៉ាង​នេះ ​គាត់​ឈប់​ផ្តោត​ទៅ​លើ​សេចក្តី​ទុក្ខ​របស់​គាត់ ហើយ​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​សង្រ្គោះ​របស់​គាត់​វិញ ដោយ​ថ្លែង​ថា “ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម”(ខ.១១)។

ដើម្បី​ជម្នះ​ការ​បាក់​ទឹក​ចិត្ត យើង​ត្រូវ​ផ្តោត​ទៅ​លើ​ព្រះ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​បាត់​បង់។ ព្រះ​អម្ចាស់​អញ្ជើញ​យើង​ឲ្យ​ក្រឡេក​មក​មើល​ទ្រង់ ហើយ​ឃើញ​ទំហំ​នៃ​សេចក្តី​ល្អ​របស់​ទ្រង់ ​ ព្រះវត្ត​មាន​ដែល​គង់​នៅ​ជា​មួយ​យើង និង​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ទ្រង់។-Dave McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles