នៅចុងសតវត្សរ៍ទី១៨ លោកវីលៀម ខារេយ(William Carey) បានទទួលការត្រាស់ហៅ ឲ្យធ្វើដំណើរ ទៅប្រទេសឥណ្ឌា ធ្វើបេសកជនផ្សាយដំណឹងល្អ នៃព្រះយេស៊ូវ។ បណ្តាគ្រូគង្វាលដែលនៅក្បែរគាត់បានចម្អកឲ្យគាត់ថា “អ្នកកំលោះ បើព្រះសព្វព្រះទ័យនឹងសង្រ្គោះនរណាម្នាក់ នៅប្រទេសឥណ្ឌា ទ្រង់នឹងសង្រ្គោះ ដោយមិនចាំបាច់ប្រើអ្នក ឬខ្ញុំទេ!” ត្រង់ចំណុចនេះ គ្រូគង្វាលទាំងនោះ មិនបានយល់អំពីចំណុចសំខាន់នៃការធ្វើការជាដៃគូជាមួយព្រះទេ។ តាមពិត ព្រះទ្រង់បានធ្វើនូវកិច្ចការជាច្រើន ដោយប្រើមនុស្សដូចយើងរាល់គ្នា។
ក្នុងនាមជាដៃគូ ក្នុងការងារបម្រើព្រះ នៅលើផែនដីនេះ យើងចង់ឲ្យបំណងព្រះទ័យព្រះបានសម្រេច តែទន្ទឹមនឹងនោះ យើងក៏ត្រូវប្តេជ្ញាចិត្តធ្វើអ្វីក៏ដោយ ដែលព្រះទ្រង់តម្រូវឲ្យយើងធ្វើថ្វាយទ្រង់។ ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋានថា “សូមរាជ្យទ្រង់បានមកដល់ សូមឲ្យបំណងព្រះទ័យទ្រង់បានសម្រេច”(ម៉ាថាយ ៦:១០)។ សេចក្តីអធិស្ឋាននេះ មិនមែនសម្រាប់ឲ្យយើងអធិស្ឋាន ដោយមិនធ្វើអ្វីសោះនោះឡើយ។
យើងមានតួនាទីខុសៗគ្នា ដើម្បីបំពេញ ក្នុងការធ្វើការជាមួយព្រះ។ យើងមានតួនាទីដើរតាមគំរូរបស់ព្រះយេស៊ូវ ដោយធ្វើការថ្វាយនគរទ្រង់ ដោយការប្រព្រឹត្ត និងការអធិស្ឋានរបស់យើង។ យើងជារូបកាយព្រះគ្រីស្ទ នៅក្នុងលោកិយនេះ គឺដូចដែលសាវ័កប៉ុលបានចែងក្នុងបទគម្ពីរ កូល៉ុស ១:២៤។ ពេលយើងបម្រើអ្នកដទៃ ព្រះគ្រីស្ទក៏កំពុងបម្រើអ្នកនោះ ក្នុងពេលតែមួយផងដែរ។ ពេលយើងបង្ហាញក្តីមេត្តា ដល់អ្នកដែលកំពុងមានការឈឺចាប់ គឺមានន័យថា យើងកំពុងតែឈោងទៅរកគាត់ ដោយព្រះហស្តរបស់ព្រះគ្រីស្ទ។-Philip Yancey