ការបម្រើដ៏ស្មោះត្រង់

ដោយ​សារ​លោកស៊ី អេស លូអ៊ីស(C.S. Lewis) ធ្លាប់​បាន​បម្រើ​ក្នុង​ជួរ​ទ័ព កាល​ពី​សម័យ​សង្រ្គាម​លោក​ទី​១ នោះ​គាត់​ក៏​បាន​ដឹង​អំពី​ភាព​តប់​ប្រម៉ល់ នៃ​ការងារ​ជា​ទាហាន។ ក្នុង​ការ​ថ្លែង​សន្ទរកថា​ជា​សាធារណៈ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ គាត់​បាន​ពិពណ៌នា​យ៉ាង​ប៉ិន​ប្រសប់ អំពី​ទុក្ខ​លំបាក ដែល​ទាហាន​ទាំង​ឡាយ​ត្រូវ​ជួប​ប្រទះ យ៉ាង​ដូច​នេះ​ថា​ “ការ​ភ័យ​ខ្លាច ​ដែល​យើង​មានចំពោះ​ទុក្ខ​លំបាក​គ្រប់​យ៉ាង គឺ​ប្រៀប​បាន​នឹង​ទុក្ខ​លំបាក​បាន​ប្រមូល​ផ្តុំ នៅ​ក្នុង​ជីវិត​របស់​ទាហាន ដែល​កំពុង​បម្រើ​យ៉ាង​សកម្ម នៅ​សមរ​ភូមិ។ ជម្ងឺ​ជា​ទុក្ខ​លំបាក​ដែល​បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​ឈឺ​ចាប់ និង​សេចក្តី​ស្លាប់។ ភាព​ក្រីក្រី​បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​ខ្វះ​ខាត ភាព​រងារ ភាព​ក្តៅ​ហួត​ហែង និង​ការ​ស្រេក​ឃ្លាន”។ ភាព​ជា​ទាសករ បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​នឿយ​ហត់ ភាព​អន់​ថោក ភាព​អយុត្តិ​ធម៌ និង​ការ​គៀប​សង្កត់។ ការ​និរទេស​បាន​កាត់​ផ្តាច់​អ្នក ​ចេញ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់”។

សាវ័ក​ប៉ុល​បាន​ពិពណ៌នា​អំពី​ជីវិត​របស់​ទាហាន ដែល​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ជា​ការ​ប្រៀប​ប្រដូច​ទៅ​នឹង​គ្រីស្ទ​បរិស័ទ ​ដែល​អាច​ជួប​ទុក្ខ​លំបាក ក្នុង​ការ​បម្រើ​ព្រះ​គ្រីស្ទ។ សាវ័ក​ប៉ុល​បាន​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ដំណឹង​ល្អ រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់។ គាត់​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​មាន​ការ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផង​ដែរ គឺ​ដូច​ដែល​គាត់​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចុះ”(២ធីម៉ូថេ ២:៣)។

ការ​បម្រើ​ព្រះ​គ្រីស្ទ តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​អំណត់។ យើង​អាច​ជួប​ឧបស័គ្គ​ដូច​ជា បញ្ហា​សុខ​ភាព ឬ​ទំនាក់​ទំនង ឬ​មួយ​ជួប​ស្ថាន​ភាព​ដែល​ពិបាក​ៗ​ជា​ដើម។ តែ​ក្នុង​នាម​ជា​ទាហាន​ដ៏​ល្អ យើង​ត្រូវ​មមុល​ទៅ​មុខ ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ព្រោះ​យើង​បម្រើ​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ដែល​បាន​លះ​បង់​ព្រះ​ជន្ម​ដើម្បី​យើង​រាល់​គ្នា!-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles