
អង្គុយនៅក្បែរ
ដោយKeila Ochoa
July 21, 2017
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ កំពុងឆ្លងកាត់ទុក្ខលំបាកជាច្រើន ក្នុងជីវិត និងគ្រួសារគាត់។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនដឹងថា ត្រូវនិយាយ ឬធ្វើអ្វីឡើយ។ គាត់ក៏បានមើលមុខខ្ញុំ ហើយប្រាប់ខ្ញុំឲ្យគ្រាន់តែអង្គុយនៅក្បែរគាត់បានហើយ។ ខ្ញុំក៏បាននៅក្បែរគាត់ ហើយក្រោយមក យើងក៏បានចាប់ផ្តើមជជែកគ្នា អំពីសេចក្តីស្រឡាញ់របស់ព្រះ។ ជារឿយៗ ពេលដែលអ្នកដទៃកំពុងសោកសង្រេង យើងមិនដឹងថា ត្រូវឆ្លើយតបយ៉ាងដូចម្តេចទេ ហើយពេលខ្លះ ការនិយាយស្តីទៅកាន់ពួកគេ អាចធ្វើឲ្យពួកគេមានទុក្ខកាន់តែខ្លាំង។ ការបម្រើអ្នកដទៃតម្រូវឲ្យយើងយល់ចិត្តពួកគេ ដោយដឹងថា ពួកគេត្រូវការអ្វី។ ជាញឹកញាប់ យើងអាចជួយពួកគេ ដោយបំពេញតម្រូវការជាក់ស្តែងរបស់ពួកគេ។ ប៉ុន្តែ ការអង្គុយនៅក្បែរ ស្តាប់ពួកគេនិយាយ អាចស្ថិតក្នុងចំណោមដំណោះស្រាយដ៏ល្អបំផុត ដើម្បីលើកទឹកចិត្តពួកគេ។ ព្រះទ្រង់គង់នៅក្បែរយើង ពេលយើងស្រែកអំពាវនាវរកទ្រង់។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើង បានពោលឡើងថា “ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។ យើងអាចជួយអ្នកដែលកំពុងមានការឈឺចាប់ ដោយយល់ចិត្ត ហើយបង្ហាញក្តីអាណិតចំពោះពួកគេ។ យើងអាចអង្គុយនៅក្បែរពួកគេ ដូចដែលព្រះគង់នៅជាមួយយើងដែរ។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានឲ្យយើងមានពាក្យសម្រាប់និយាយទៅកាន់ពួកគេ បើសិនជាចាំបាច់។-Keila Ochoa
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង។-ខ.១៨