ព្រះទ្រង់រង់ចាំអត់ទោសឲ្យ

មាន​ពេល​មួយ អ្នក​ស្រី​ចេន(Jen) បាន​អង្គុយ នៅ​រាន​ហាល​មុខ​ផ្ទះគាត់ ដោយ​សួរ​ខ្លួន​ឯង​ថា តើ​នាង​គួរ​និពន្ធ​សៀវ​ភៅ​ឬ​ទេ? នាង​ចូល​ចិត្ត​សរសេរ​អត្ថ​បទ​ដាក់​ក្នុង​គេហ​ទំព័រ​ប្រភេទ blog នៅ​តាម​បណ្តាញ​អ៊ីន​ធើណិត ហើយ​ធ្វើ​ជា​វា​គ្មិន​ជា​សាធារណៈ តែ​គាត់​យល់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​ច្រើន​ជាង​នេះ។ គាត់​ថា គាត់​បាន​ទូល​សួរ​ព្រះ​ថា តើ​ទ្រង់​ឲ្យ​នាង​និព​ន្ធសៀវភៅ​ឬ​ទេ? នាង​ក៏​បាន​សន្ទ​នា​ជា​មួយ​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ដឹក​នាំ​នាង។

នាង​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​និពន្ធ​សៀវភៅ អំពី​ការ​ដែល​ប្តី​របស់​នាង​ញៀន​នឹង​ការ​មើល​រូប​ភាព​អាស​អាភាស និង​អំពី​ការ​ដែល​ព្រះ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ប្តី​គាត់     និង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​គិត​ថា ការ​និពន្ធ​សៀវភៅ​ដូច​នេះ ​អាច​ធ្វើ​ឲ្យ​ប្តី​គាត់​អាប់​ឱន​ជា​សាធារណៈ។ ដូច​នេះ គាត់​ក៏​បាន​អធិ​ស្ឋាន​ថា តើ​គាត់​គួរ​តែ​និពន្ធ​សៀវ​ភៅ​នោះ​ជា​មួយ​ស្វាមី​គាត់​ឬ​ទេ? ហើយ​គាត់​ក៏​បាន​សួរ​លោក​ក្រេក(Craig) ដែល​ជា​ស្វាមី។ គាត់​ក៏​បាន​យល់​ព្រម។

បន្ទាប់​ពី​ស្តេច​ដាវីឌ បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ ទ្រង់​ក៏​បាន​បើក​បង្ហាញ​អំពើ​បាប​ទ្រង់​ ជា​សាធារណៈ។ គឺ​ដូច​ដែល​ទ្រង់​បាន​រៀប​រាប់​អំពី​អំពើ​បាប​នោះ នៅ​ក្នុង​បទ​ទំនុក​ដំកើង​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ​បាន​ខ្សោះ​ទៅ។ ទូលបង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូលបង្គំ​ទុក​ឡើយ ទូលបង្គំ​បាន​និយាយ​ថា ទូលបង្គំ​នឹង​លន់តួ​អស់​ទាំង ការ​រំលង​របស់​ទូលបង្គំ​ដល់​ព្រះយេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូលបង្គំ​ទៅ”(ទំនុកដំកើង ៣២:៣,៥)។ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​បើក​បង្ហាញ​អំពើ​បាប​របស់​ខ្លួន​ជា​សាធារណៈ​ឡើយ ប៉ុន្តែ ពេល​ដែល​ស្តេច​ដាវីឌ​បាន​សារ​ភាព​អំពើ​បាប​ទ្រង់ ទ្រង់​ក៏​បាន​រក​ឃើញ​សន្តិ​ភាព នៅ​ក្នុង​ចិត្ត និង​ការ​ប្រោស​ឲ្យ​ជា ដែល​បណ្តាល​ចិត្ត​ទ្រង់​ឲ្យ​សរសើ​រ​​ដំកើង និង​ថ្វាយ​បង្គំ​ព្រះ។

លោក​ក្រេក និង​អ្នក​ស្រីចេន​បាន​មាន​ប្រសាសន៍​ថា ពេល​ដែល​ពួក​គេ​និពន្ធ​សៀវ​ភៅ​នោះ​ជា​មួយ​គ្នា អំពី​រឿង​ផ្ទាល់​ខ្លួន​ដ៏​ស៊ី​ជម្រៅ ពួក​គេ​ក៏​មាន​ក្តី​ស្រឡាញ់ និង​ភាព​ជិត​ស្និទ្ធ​ចំពោះ​គ្នា លើស​ពី​ពេល​ណា​ទាំង​អស់។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ដក​ចេញ​នូវ​កំហុស ភាព​អាម៉ាស់ និង​ភាព​ឯក​កោ​របស់​យើង ហើយ​ជំនួស​មក​វិញ នូវ​ការ​អត់​ទោស​បាប​របស់​ទ្រង់ សេចក្តី​ក្លា​ហាន និង​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ពេល​ដែល​យើង​បាន​សារភាព​អំពើ​បាប​របស់​យើង ទោះ​យើង​សារ​ភាព​ជា​សាធារណៈ ឬ​ដោយ​ផ្ទាល់​ខ្លួន​ក្តី!-Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles