ការដាក់ទុនសម្រាប់ ពេលអនាគត

លោក​ចេសិន បូញ(Jason Bohn) ជា​និស្សិត​ម្នាក់ ដែល​បាន​វាយ​កូន​ហ្គោល ចូល​រន្ធ ដោយ​វាយ​​កូន​ហ្គោល​ផ្លោង​ពី​​ចម្ងាយ​ឆ្ងាយ តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​វា​ក៏​បាន​ធ្លាក់និង​រមៀលចូរ​រន្ធ​តែ​ម្តង។ កាល​នោះ ​គាត់​ក៏​ឈ្នះ​បាន​ប្រាក់​ជា​ច្រើន ។​​ មនុស្ស​ជា​​ច្រើន​បាន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ប្រាក់​ ដែល​ខ្លួន​រក​បាន តែ​លោក​បូញ​មិន​​មាន​គម្រោង​ដូចនេះ​ទេ ។​​ គាត់​ចង់​ក្លាយ​ជា​កីឡាករ​វាយ​កូន​ហ្គោល​អាជីព ដូចនេះ​ គាត់​បាន​ចំណាយ​ប្រាក់​​​នោះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និងសម្រាប់​​ការ​ហ្វឹក​ហាត់​  ដើម្បី​ឲ្យ​ជំនាញ​វាយ​កូន​ហ្គោល​រ​បស់​ខ្លួន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត ។​​ ប្រាក់​កាស​ទាំង​នោះ បាន​ក្លាយ​ជា​ទុន សម្រាប់​អនាគត​របស់​គាត់ គឺ​ជា​ទុន​ដែល​នាំ​​មក​នូវ​​ផល​ចំណេញ​ជា​ច្រើន នៅ​ពេល​គាត់​បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ធំ​មួយ ។ ​គាត់​​បាន​ធ្វើ​កា​រ​សម្រេច​​ចិត្ត​ដ៏​ឆ្លាត​វ័យ ​ដោយ​បាន​ដាក់​ទុនសម្រាប់​អនាគត​របស់​ខ្លួន ជា​ជាង​ចាយវាយ​ប្រាក់​នោះឲ្យ​អស់​។​

យ៉ាង​ណា​មិញ ព្រះ​​យេស៊ូវ​​ទ្រ​ង់​​បាន​​ត្រាស់​​ហៅ​​យើង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូចនេះ​ឯង ។​ ព្រះ​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង នូវ​ធនធាន ​ដូច​ជា ​ពេលវេលា សមត្ថភាព និង​ឱកាស​ជា​ដើម ហើយ​យើង​ត្រូវ​សម្រេច​ចិត្ត​​ប្រើ​ប្រាស់ធន​ធាន​ទាំង​នោះ ឲ្យបានត្រឹមត្រូវ ។​ យើង​ចាំ​បាច់​ត្រូវ​​ឆក់​ឱកាស​ប្រើប្រាស់​ធនធាន​ទាំង​នោះ ជា​ទុន សម្រាប់​ពេល​អនាគត ដ៏​វែង​ឆ្ងាយ​ខាង​មុខ ។​ ព្រះ​យេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ ម៉ាថាយ ៦:២០ ថា “ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”។ ទ្រង់​បាន​ធានា​​​ថា គ្មាន​អ្វី​អាច​បំផ្លាញ ឬ​ដក​យក​​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ចេញ​ពីយើង​បាន​ឡើយ ។​

សូម​ពិចារណា​អំពី​ធន​ធាន​រ​​បស់​អ្នក ដែល​មាន​ដូច​ជា : អំណោយ​ទាន ពេល​វេលា និង​ចំណេះ​ដឹង ដែល​សុទ្ធ​តែជា​ធនធាន​បណ្តោះ​អាសន្ន ហើយ​មាន​កំណត់ ។​ តែ​បើ​​អ្នក​​​ប្រើ​ធន​ធាន​បណ្តោះអាសន្នទាំង​​នោះ ដោយ​​សម្លឹង​ឆ្ពោះ​ទៅ​រក​ពេល​អនាគត​ដ៏​អស់​កល្ប​ជា​និច្ច នោះ​​នឹង​​អាច​​នាំ​ឲ្យ​មាន​​ប្រយោជ​ន៍​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ។​ តើ​អ្នក​កំពុង​តែ​ផ្តោត​ទៅ​លើ​អ្វី? តើ​ផ្តោត​ទៅ​លើ​ពេល​បច្ចុប្បន្ន ឬ​ពេល​អនាគត? ចូរ​ប្រើ​ធនធាន​ទាំង​នោះ​ ជាទុន​សម្រា​ប់​ពេល​អនាគត​ចុះ​ ​ព្រោះ​វា​​មិន​គ្រាន់​តែ​ផ្តល់​នូវ​​ប្រយោជន៍អស់​​កល្ប​ជានិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្លាស់​ប្តូរ​​​ការ​គិត​របស់​អ្នក ជា​រៀង​​រាល់​ថ្ងៃ​ផង​ដែរ ។​ – Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles