ពេលខ្ញុំរៀនសរសេរអក្សរនៅថ្នាក់ទី១ គ្រូរបស់ខ្ញុំបានជំរុញឲ្យខ្ញុំកាន់ខ្មៅដៃសរសេរ ឲ្យត្រូវទំនង។ ពេលគាត់មើលខ្ញុំសរសេរ ខ្ញុំក៏បានកាន់ខ្មៅដៃ តាមរបៀបដែលគាត់ប្រាប់។ តែពេលគាត់ដើរទៅបាត់ ខ្ញុំក៏បានងាកមកកាន់ខ្មៅដៃ តាមរបៀបដែលខ្ញុំយល់ថាងាយស្រួលជាង ដោយចិត្តរឹងចចេស។ ខ្ញុំគិតថា ខ្ញុំបានឈ្នះគាត់ ដោយសម្ងាត់ ក្នុងសង្រ្គាមនៃបំណងចិត្តនេះហើយ ហើយខ្ញុំក៏នៅតែបន្តកាន់ខ្មៅដៃ តាមរបៀបឆ្គងរបស់ខ្ញុំទៀត។ ទោះជាយ៉ាងណាក៏ដោយ បួនដប់ឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា គ្រូបង្រៀនដ៏មានប្រាជ្ញារបស់ខ្ញុំ បានដឹងថា ទម្លាប់ដ៏រឹងចចេសរបស់ខ្ញុំ នឹងធ្វើឲ្យខ្ញុំសរសេរខុសរបៀប ជាហេតុធ្វើឲ្យខ្ញុំឆាប់រួយដៃ។
ក្មេងៗកម្រនឹងដឹងថា មានអ្វីខ្លះដែលល្អសម្រាប់ខ្លួន។ ពួកគេច្រើនតែ ធ្វើអ្វីៗតាមបំណងចិត្ត ដែលនឹកចង់បានភ្លាមៗ។ គេបានហៅ “ពួកកូនចៅអ៊ីស្រាអែល”ថា ជាដំណរមនុស្ស ដែលចេះតែងាកទៅរកការថ្វាយបង្គំរូបព្រះ របស់ជាតិសាសន៍ជិតខាង តាមទំនើងចិត្តរបស់ខ្លួន ជាច្រើនជំនាន់ ជាជាងថ្វាយបង្គំព្រះដ៏ពិតដែលមានតែមួយ។ ទង្វើររបស់ពួកគេពិតជាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់មានសេចក្តីក្រោធយ៉ាងខ្លាំង ដ្បិតទ្រង់ជ្រាបថា អ្វីជាការល្អបំផុតសម្រាប់ពួកគេ ហើយទ្រង់ក៏បានដកព្រះពរចេញពីពួកគេ(ពួកចៅហ្វាយ ២:២០-២២)។
លោកគ្រូគង្វាល រីក វរិន(Rick Warren) បានមានប្រសាសន៍ថា “ការស្តាប់បង្គាប់ និងភាពរឹងចចេស គឺប្រៀបបាននឹងមុខផ្ទុយគ្នាទាំងពីរ របស់ប្រាក់កាក់។ ការស្តាប់បង្គាប់នាំមកនូវអំណរ តែការរឹងចចេស ធ្វើឲ្យយើងវេទនា”។
បើវិញ្ញាណនៃការមិនស្តាប់បង្គាប់ ធ្វើឲ្យយើងមិនស្តាប់បង្គាប់ព្រះ នោះយើងដល់ពេលដែលត្រូវប្រែចិត្តហើយ។ ចូរងាកបែរមករកព្រះអម្ចាស់ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា។-Cindy Hess Kasper