នៅមាត់រូង

មាន​រូង​កំអែល​ភ្នំ​ភ្លើង​ដ៏វែង​មួយ នៅ​ក្រោម​ដី ភាព​ខាង​ត្បូង​នៃ​ក្រុង​ឃូណា រដ្ឋ​អីដាហូ ដែល​មាន​ភាព​ល្បី​ល្បាញ ចំពោះ​ប្រជាជន​នៅ​ក្នុង​តំបន់។ ខ្ញុំ​ដឹង​ថា រូង​នោះ មាន​ច្រក​ចូល​មួយ ​ដែល​បើក​ចុះ​ទៅ​ក្រោម​ដូច​អណ្តូង ឆ្ពោះ​ទៅ​រក​ភាព​ងងឹត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឈរ​នៅ​មាត់​រូង​នោះ ហើយ​ក៏​បាន​អើត​មើល​ទៅ​ក្រោម។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចេះ​តែ​ចង់​ចូល​ទៅ​មើល​ឲ្យ​កាន់​តែ​ជិត ហើយ​ក៏​ស្ទើរ​តែ​ទាប់​ខ្លួន​មិន​ជាប់ ហៀប​នឹង​ធ្លាក់​ទៅ​ក្រោម។​ ពេល​នោះ ខ្ញុំ​ក៏​បុក​ពោះ ដោយ​បេះ​ដូង​លោត​ខុស​ចង្វាក់ ហើយ​ក៏​ប្រញាប់​ថយ​ចេញ​ពី​មាត់​រូង​នោះ​យ៉ាង​លឿន។

អំពើ​បាប​​​មាន​លក្ខណៈ​ទាក់​ទាញ​ដូច​នេះ​ឯង គឺ​វា​អាច​ប្រើ​ភាព​ចង់​ដឹង​ចង់​ឃើញ​របស់​យើង ដើម្បី​ល្បួង​យើង ឲ្យ​ចូល​ទៅ​រក​ភាព​ងងឹត។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​មនុស្ស​ទំាង​ប្រុស​ទាំង​ស្រី បាន​ខំ​ចូល​ទៅ​ជិត​មាត់​ច្រក​នៃ​ភាព​ងងឹត ហើយ​ក៏​ទប់​ខ្លួន​លែង​ជាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ងងឹត​នោះ? ពេល​នោះ​ពួក​គេ​ក៏​បាន​បំផ្លាញ​គ្រួសារ កេរ្តិ៍​ឈ្មោះ និង​អាជីព​ខ្លួន​ឯង ដោយសារ​អំពើ​កំផឹត​សាហាយ​ស្មន់ ដែល​ពី​ដំបូង “គ្រាន់​តែ” ជា​ការ​ឌឺ​ដង​គ្នា​លេង ប៉ុន្តែ​ ក្រោយ​មក  វា​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​គិត ហើយ​ក៏​ប្រព្រឹត្ត​តែ​ម្តង​។ ពេល​ដែល​ខ្លួន​បាន​ធ្វើ​ខុស​ជ្រុស​អស់​ហើយ ពួក​គេ​ក៏​បាន​ក្រឡេក​មក​ក្រោយ ហើយ​និយាយ​ថា “ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ”។

យើង​គិត​ថា យើង​អាច​លេង​សើច​ជា​មួយ​ការ​ល្បួង ហើយ​ដើរ​ចូល​ទៅ​ជិត​មាត់​រូង​នៃ​ភាព​ងងឹត ​រួច​ដើរ​ចេញ តែ​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដ៏​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ការ​ប្រព្រឹត្ត​បែប​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ តែ​យើង​បែរ​ជា​លេង​សើច​នឹង​វា។ បន្ទាប់​មក យើង​ជៀស​មិន​រួច​ពី​ត្រូវ​វា​ទាញ​នាំ​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​អំពើ​រំលង​ដ៏​ខ្មៅ​ងងឹត។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ”(យ៉ូហាន ៨:៣៤)។

បើ​សិន​ជា​យើង​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ហើយ​ដឹង​ថា ខ្លួន​ត្រូវ​ការ​ជំនួយ​របស់​ព្រះ នោះ​យើង​អាច​អធិស្ឋាន​តាម​ស្តេច​ដាវីឌ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១៩:១៣ ថា “សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ  កុំ​ឲ្យ​បាប​នោះ​មាន​អំណាច​លើ​ទូលបង្គំ​ឡើយ”។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles