ខ្ញុំ និងកូនស្រីខ្ញុំបានចាត់ទុកនំខេកប្រោននី ជាអាហារដ៏អស្ចារ្យក្នុងចំណោមអាហារដ៏អស្ចារ្យទាំង៧ នៃពិភពអាហារឆ្ងាញ់ៗ។ ថ្ងៃមួយ ពេលយើងកំពុងលាយគ្រឿងផ្សំ ជាមួយស្ករសូកូឡា ដែលយើងចូលចិត្តប្រើធ្វើនំខេក កូនស្រីខ្ញុំក៏បានសុំឲ្យខ្ញុំ ទុកម្សៅដែលបានលាយហើយខ្លះ នៅបាតចាន បន្ទាប់ពីចាក់ចូលទៅក្នុងខ្ទះសម្រាប់ដុតនំហើយ។ នាងចង់ញាំម្សៅដែលនៅសល់នោះ។ ខ្ញុំក៏បានញញឹម ហើយយល់ព្រម។ បន្ទាប់មក ខ្ញុំក៏បានប្រាប់នាងថា “កូនអាចប្រមូលម្សៅលាយដែលនៅសល់នោះ តែបើកូនចង់ធ្វើនំខេកប្រោនី កូនត្រូវយកវាទៅដុតសិន”។
ខណៈពេលដែលយើងកំពុងធ្វើនំយ៉ាងសប្បាយរីករាយ ខ្ញុំក៏បានពន្យល់កូនស្រីខ្ញុំថា នៅគ្រាសញ្ញាចាស់នាងរស់បានដើរប្រមូលគ្រាប់ស្រូវដែលនៅសល់ ក្នុងវាលស្រែ ដើម្បីធ្វើអាហារសម្រាប់ខ្លួនឯង និងសម្រាប់នាងណាអូមី ដែលម្តាយក្មេករបស់នាង(នាងរស់ ២:២-៣)។ ដោយសារអ្នកទាំងពីរសុទ្ធតែត្រូវប្តីស្លាប់ចោល ពួកគេក៏បានវិលត្រឡប់ទៅស្រុកកំណើតរបស់នាងណាអូមី។ នៅទីនោះ នាងរស់ក៏បានជួបលោកបូអូស ដែលជាម្ចាស់ដីដ៏មានស្តុកស្តម្ភ។ នាងបានសុំឲ្យគាត់អនុញ្ញាតឲ្យនាង ដើររើសគួរស្រូវដែលពួកអ្នកច្រូតស្រូវជ្រុះ(ខ.៧)។ គាត់ក៏បានយល់ព្រម ហើយបង្គាប់ពួកឈ្នួលគាត់ ឲ្យទម្លាក់គួរស្រូវខ្លះឲ្យនាងរើស(ខ.១៦)។
យ៉ាងណាមិញ ព្រះទ្រង់ក៏បានផ្គត់ផ្គង់យើង ដោយព្រះពរដ៏បរិបូរ គឺដូចដែលលោកបូអូសបានជួយនាងរស់ ឲ្យទទួលផលពីវាលស្រែរបស់គាត់ផងដែរ។ ទ្រង់មានធនធានច្រើនហូរហៀរ ហើយទ្រង់ក៏បានទម្លាក់ព្រះពរឲ្យយើងទទួល។ ទ្រង់សព្វព្រះទ័យនឹងប្រទានឲ្យយើងមានជីវជាតិចិញ្ចឹមខាងវិញ្ញាណ និងខាងសាច់ឈាម យ៉ាងគ្រប់គ្រាន់។ គ្រប់ទាំងអំណោយល្អៗ ដែលយើងបានទទួល សុទ្ធតែជាព្រះពររបស់ទ្រង់។-Jennifer Benson Schuldt