លោករ៉ូបឺត ហេងស៍(Robert Henkes) ជាអ្នកនិព្ធសៀវភៅដែលមានចំណងជើងថា រូបភាពរបស់ស្រ្តីអាមេរិកដែលល្បីឈ្មោះ ដែលក្នុងនោះគាត់បានសរសេរថា “ការផ្តិតយករូបភាពរបស់មនុស្ស មិនគ្រាន់តែជាការប្រើម៉ាស៊ីនថតរូបនរណាម្នាក់ ឲ្យតែបានរូបថត ឬគូររូបពួកគេដាក់ផ្ទាំងគំនូរប៉ុណ្ណោះឡើយ”។ ការផ្តិតយករូបភាពរបស់មនុស្ស គឺមិនគ្រាន់តែគិតអំពីរូបភាពនៅសម្បកក្រៅប៉ុណ្ណោះទេ តែក៏ត្រូវគិតអំពីអារម្មណ៍ ក្នុងជម្រៅនៃវិញ្ញាណរបស់មនុស្សផងដែរ។ ក្នុងការផ្តិតយករូបភាពរបស់មនុស្ស សិល្បៈករពិតប្រាកដជា ព្យាយាម “ផ្តិតយកលក្ខណៈដ៏ពិតរបស់បុគ្គលដែលគាត់បានថតរូបនោះ”។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលគេបានគូររូបព្រះយេស៊ូវ នៅលើផ្ទាំងគំនូរជាច្រើន។ អ្នកប្រហែលជាបានឃើញរូបគំនូររបស់ទ្រង់ នៅតាមព្រះវិហារ ឬសារៈមន្ទីរសិល្បៈ ឬប្រហែលជាមានរូបគំនូរទ្រង់ នៅក្នុងផ្ទះរបស់អ្នកផង។ ជាការពិតណាស់ គ្មានរូបមួយណា ដែលជារូបពិតរបស់ព្រះអង្គឡើយ ព្រោះយើងមិនដែលមានរូបថតរបស់ទ្រង់ ហើយក៏មិនដែលឃើញរូបគំនូររបស់ទ្រង់ ដែលវិចិត្រករបានគូរ ពេលបានឃើញទ្រង់ផ្ទាល់ភ្នែកឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងថា ទ្រង់មានលក្ខណៈដ៏ពិតដូចម្តេចខ្លះ ក្នុងបទគម្ពីរអេសាយ ជំពូក៥៣។ ការពិពណ៌នាក្នុងបទគម្ពីរនេះ បាននិយាយលម្អិតយ៉ាងច្បាស់លាស់ អំពីរូបពិតរបស់ទ្រង់ថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង … ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ … ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”(ខ.៤-៥)។
បទគម្ពីរនេះជួយឲ្យយើងមើលឃើញក្តីស្រឡាញ់ ទុក្ខព្រួយ និងការឈឺចាប់ ដែលមាននៅលើព្រះភ័ក្រ្តព្រះយេស៊ូវ។ តែព្រះឱសទ្រង់មិនបានចោទប្រកាន់ ឬថ្កោលទោសយើងឡើយ។ ទ្រង់គ្មានអំពើបាបណាមួយសោះ សម្រាប់ឲ្យទ្រង់សោកសង្រេង តែទ្រង់បានស្ម័គ្រព្រះទ័យទទួលអំពើបាបយើង។ ហើយទ្រង់បានជ្រាបយ៉ាងច្បាស់ ក្នុងជម្រៅនៃព្រះទ័យទ្រង់ថា “ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង”(ខ.១១)។
តើអ្នកបានឃើញរូបពិតរបស់ព្រះសង្រ្គោះនៃយើង ហើយឬនៅ? –David Mccasland