មេបញ្ជាការកងទ័ព តែងតែចង់មានទាហានគ្រប់ចំនួន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ ពួកគេភាគច្រើនចង់មានទាហានច្រើនលើសលប់ ជាជាងមានចំនួនតិចតួចពេក ប៉ុន្តែ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែយល់ស្របគ្នាថា កងទ័ពត្រូវមានចំនួនប៉ុន្មាន ទើបគ្រប់គ្រាន់នោះឡើយ។
ពេលលោកគេឌានបានជ្រើសរើសទ័ព ដែលមានគ្នា៣២០០០នាក់ ដើម្បីតតាំងនឹងពួកសាសន៍ដែលសង្កត់សង្កិនពួកអ៊ីស្រាអែល ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលទៅគាត់ថា “ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួកម៉ាឌានមក ក្នុងកណ្តាប់ដៃគេ មិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួន ទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ”(ពួកចៅហ្វាយ ៧:២)។
ដូចនេះ ព្រះអម្ចាស់ក៏បានចាប់ផ្តើមបន្ថយចំនួនទ័ពរបស់លោកគេឌាន។ ពេលទ្រង់អនុញ្ញាតឲ្យអ្នកដែលភ័យខ្លាចចាកចេញពីជួរទ័ព នោះមានពួកប្រុសៗ២២០០០នាក់បានត្រឡប់ទៅផ្ទះវិញ(ខ.៣)។ ការកាត់ចំនួនជាលើកទីពីរ បានបន្ថយកងពលដែលនៅសល់១០០០០នាក់ ឲ្យធ្លាក់មកត្រឹមចំនួន៣០០នាក់វិញ ដែលក្នុងនោះព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកទាំងនោះថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។
នៅក្នុងការរស់នៅដោយជំនឿ ធនធានរបស់យើងអាចក្លាយជាខ្មាំងសត្រូវនៃការទុកចិត្តព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពឹងផ្អែកលើទ្រង់ គឺមិនមែនពឹងផ្អែកទៅលើកម្លាំងរបស់យើងទេ កម្លាំងនោះជាកម្លាំងខាងរូបកាយ ខាងហិរញ្ញវត្ថុ ឬប្រាជ្ញារបស់យើងនោះទេ។
ពេលដែលព្រះអម្ចាស់កាត់បន្ថយធនធានរបស់យើង ពីចំនួន “៣២០០០ ទៅ៣០០” ទ្រង់មិនមែនកំពុងតែដាក់ទោសយើងទេ។ ទ្រង់ធ្វើការនេះ ដើម្បីរៀបចំផ្លូវឲ្យយើងថ្វាយសិរីល្អដល់ទ្រង់ តាមរយៈជីវិតរបស់យើង ពេលដែលយើងទទួលស្គាល់ និងទុកចិត្តអំណាចចេស្តាទ្រង់។-David McCasland