ខគម្ពីរទីមួយ ដែលមនុស្សជាច្រើន ចូលចិត្តដកស្រង់ ពេលជួបរឿងអាក្រក់ គឺខគម្ពីរដែលចែងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេលយើងកំពុងជួបរឿងអាក្រក់ យើងពិបាកនឹងជឿថា ព្រះទ្រង់កំពុងផ្សំការទាំងអស់ សម្រាប់ជាសេចក្តីល្អដល់យើង។ ខ្ញុំធ្លាប់អង្គុយក្បែរបុរសម្នាក់ ដែលបានបាត់បង់ កូនប្រុសអស់បីនាក់ ជាបន្តបន្ទាប់ ហើយខ្ញុំក៏បានស្តាប់គាត់រៀបរាប់ពីទុក្ខលំបាករបស់គាត់ថា “តើព្រះប្រើសោកនាដកម្មនេះ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំ ដោយរបៀបណា?” ខ្ញុំមិនដឹងថាត្រូវឆ្លើយប្រាប់គាត់យ៉ាងដូចម្តេចទេ នៅពេលនោះ គឺមានតែបន្តអង្គុយកំដរគាត់ យ៉ាងស្ងាត់ស្ងៀម ហើយកាន់ទុក្ខជាមួយគាត់។ ជាច្រើនឆ្នាំក្រោយមក គាត់បានអរព្រះគុណព្រះថា ទុក្ខព្រួយរបស់គាត់ កំពុងនាំគាត់ចូលទៅជិតព្រះកាន់តែខ្លាំង”។
យើងប្រហែលជាពិបាកយល់អត្ថន័យនៃបទគម្ពីរ រ៉ូម ៨:២៨ តែមានទីបន្ទាល់ជាច្រើនរាប់មិនអស់ ដែលបានបង្ហាញថា ព្រះទ្រង់ពិតជាបានប្រើទុក្ខលំបាក សម្រាប់ជាប្រយោជន៍ដល់យើងមែន។ ជាក់ស្តែង អ្នកស្រីហ្វេននី ក្រូសប៊ី(Fanny Crosby) ដែលជាអ្នកនិពន្ធទំនុកបរិសុទ្ធ បានលើកទីបន្ទាល់នៃជីវិតគាត់ ដែលព្រះបានប្រើសោកនាដកម្ម សម្រាប់ជាប្រយោជន៍ដល់គាត់។ គាត់បានពិការភ្នែក នៅអាយុ៥ឆ្នាំ។ នៅអាយុ៨ឆ្នាំ គាត់ក៏ចាប់ផ្តើមសរសេរបទកំណាព្យ និងទំនុកបរិសុទ្ធ។ គាត់បាននិពន្ធបទចម្រៀង៨០០០បទ សម្រាប់សរសើរដំកើង និងថ្វាយបង្គំព្រះ ដែលក្នុងនោះ ព្រះបានប្រទានពរដល់ពិភពលោក តាមរយៈបទចម្រៀងដ៏ល្បីល្បាញរបស់គាត់ ដែលមានដូចជាបទ “ខ្ញុំដឹងជាក់ច្បាស់ហើយ(បទលេខ ៨០)” “ខ្ញុំនៅព្រះហស្តព្រះយេស៊ូវ(បទលេខ ១៧២)” និងបទ “កុំចោលខ្ញុំឡើយ”(បទលេខ ១៩៣)ជាដើម។
ដូចនេះ ព្រះទ្រង់បានប្រើទុក្ខលំបាករបស់គាត់ សម្រាប់ជាសេចក្តីល្អ ដល់គាត់ និងដល់យើងរាល់គ្នា និងសម្រាប់ថ្វាយសិរីល្អដល់ទ្រង់ផង។ ពេលសោកនាដកម្មវាយប្រហារមកលើយើង យើងពិបាកនឹងគិតថា សេចក្តីល្អ នឹងកើតចេញពីការអាក្រក់ទាំងនោះណាស់ ហើយយើងក៏មិនតែងតែបានឃើញរឿងកើតឡើង យ៉ាងដូចនេះដែរ។ តែព្រះទ្រង់មានគោលបំណងដ៏ល្អ ហើយតែងតែគង់នៅជាមួយយើងជានិច្ច។-Lawrence Darmani