លោកនែលសិន មែនឌែលឡា(Nelson Mandela) បានដឹកនាំការប្រឆាំងនឹងរបបបែងចែកពូជសាសន៍ នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏បានត្រូវគេដាក់គុក អស់រយៈពេលជាង៣ទសវត្សរ៍។ គាត់ស្គាល់ពីអំណាចនៃពាក្យសម្តី។ ដូចនេះជារឿយៗ គេបានដកស្រង់ពាក្យសម្តីរបស់គាត់ មកប្រើក្នុងពេលបច្ចុប្បន្ន តែពេលគាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង គេមិនអាចដកស្រង់ពាក្យសម្តីគាត់មកប្រើ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារគេខ្លាចមានទោស។ បន្ទាប់ពីគេបានដោះលែងគាត់បាន ១ទសវត្សរ៍ គាត់ក៏បានមានប្រសាសន៍ថា “ខ្ញុំមិនដែលមានប្រពៃណីយប្រើពាក្យស្រាលៗទេ។ បើសិនជាការជាប់គុក២៧ឆ្នាំ បានធ្វើអ្វីម្យ៉ាងចំពោះយើង នោះគឺវាត្រូវប្រើភាពស្ងប់ស្ងាត់នៃភាពឯកកោ ដើម្បីធ្វើឲ្យយើងដឹងថា ពាក្យសម្តីមានតម្លៃប៉ុណ្ណា ហើយដឹងថា ពាក្យសម្តីដ៏ពិតមានផលប៉ះពាល់យ៉ាងណា មកលើការស្លាប់រស់របស់មនុស្ស”។
ស្តេចសាឡ៉ូម៉ូន ដែលបានអ្នកនិពន្ធខគម្ពីរភាគច្រើន ក្នុងព្រះគម្ពីរសុភាសិត បានមានបន្ទូលជាញឹកញាប់ អំពីអំណាចនៃពាក្យសម្តី។ គឺដូចដែលទ្រង់មានបន្ទូលថា “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(សុភាសិត ១៨:២១)។ ពាក្យសម្តីមានអំណាច នាំឲ្យមនុស្សទទួលផលវិជ្ជមាន ក៏ដូចជាអវិជ្ជមាន(ខ.២០)។ ពាក្យសម្តីមានអំណាចផ្តល់ឲ្យនូវជីវិត តាមរយៈការលើកទឹកចិត្ត និងភាពស្មោះត្រង់ ឬវាយប្រហារ និងសម្លាប់ តាមរយៈការកុហក់ និងនិយាយដើម។ តើធ្វើដូចម្តេច ឲ្យយើងអាចប្រើពាក្យសម្តីល្អៗ ដែលនាំមកនូវលទ្ធផលវិជ្ជមាន? មានវិធីតែមួយគត់ គឺយើងត្រូវរក្សា ឬការពារចិត្តយើង : គឺដូចមានសេចក្តីចែងថា “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(៤:២៣)។
ព្រះយេស៊ូវអាចកែប្រែចិត្តយើង ដើម្បីឲ្យពាក្យសម្តីយើង អាចមានភាពស្មោះត្រង់ ភាពស្រទន់ ត្រឹមត្រូវ និងសក្តិសមនឹងស្ថានភាព។-Marvin Williams