បន្ទាប់ពីលោកដេវ បូមិន(Dave Bowman) បានធ្វើជាម្ចាស់គ្លីនិកព្យាបាលធ្មេញ និងបានធ្វើការនៅទីនោះ អស់រយៈពេល៥០ឆ្នាំមក គាត់ក៏បានរៀបគម្រោងចូលនិវត្តន៍ ហើយរស់នៅតាមសម្រួល។ ពេលដែលគាត់មានជម្ងឺទឹកនោមផ្អែម ហើយត្រូវវៈកាត់បេះដូង គាត់ក៏បានសម្រេចចិត្តចូលនិវត្តន៍តែម្តង។ ប៉ុន្តែ ពេលគាត់បានទទួលពត៌មានថា មានយុវជនមួយក្រុម ដែលជាជនភាសខ្លួន មកពីប្រទេសស៊ូដង់ កំពុងត្រូវការជំនួយ គាត់ក៏បានធ្វើការសម្រេចចិត្ត ដែលនាំឲ្យមានការផ្លាស់ប្តូរដល់ការរស់នៅ ដល់យុវជនទាំងនោះ។ គាត់បានស្ម័គ្រចិត្តផ្តល់ជំនួយដល់យុវជនទាំងប្រាំនាក់។
ពេលលោកដេវស្វែងយល់បន្ថែម អំពីយុវជនស៊ូដង់ទាំងនេះ គាត់ក៏បានដឹងថា ពួកគេមិនដែលធ្លាប់បានទៅជួបគ្រូពេទ្យ ឬទៅពេទ្យធ្មេញឡើយ។ ក្រោយមក ថ្ងៃមួយ នៅព្រះវិហារ មានមនុស្សម្នាក់បានលើកខគម្ពីរមួយ ដែលចែងថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ”(១កូរិនថូស ១២:២៦)។ ខគម្ពីរមួយនេះបានដក់ជាប់ក្នុងចិត្តគាត់ជានិច្ច។ យុវជនស៊ូដង់ទាំងនេះ ជាគ្រីស្ទបរិស័ទ ដែលកំពុងជួបការលំបាក ដោយសារពួកគេខ្វះការថែរទាំសុខភាព ហើយលោកដេវក៏បានដឹងថា ព្រះកំពុងប្រាប់គាត់ឲ្យធ្វើអ្វីម្យ៉ាង ដើម្បីជួយពួកគេ។ តើគាត់ជួយពួកគេដោយរបៀបណា?
ទោះជាគាត់មានវ័យចាស់ ហើយមានខុសភាពមិនល្អក៏ដោយ ក៏គាត់នៅតែចាប់ផ្តើមស្វែងរកឱកាសសាងសង់មណ្ឌលសុខភាពមួយ នៅប្រទេសស៊ូដង់។ ព្រះទ្រង់ក៏បានប្រមូលមនុស្ស និងធនធានបន្តិចម្តងៗ ហើយក្នុងឆ្នាំ២០០៨ មន្ទីរពេទ្យអនុស្សាវរីយ៍គ្រីស្ទបរិស័ទមួយកន្លែង បានបើកទ្វារទទួលអ្នកជម្ងឺ នៅប្រទេសស៊ូដង់។ ចាប់តាំងពីពេលនោះមក មានមនុស្សជាច្រើននាក់ ដែលមានជម្ងឺ និងរបួសបានមកទទួលការព្យាបាលនៅទីនោះ។
មន្ទីរពេទ្យអនុស្សាវរីយ៍គ្រីស្ទបរិស័ទ បានធ្វើជាការរំឭកដល់ប្រជាជន នៅប្រទេសស៊ូដង់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្សដែលកំពុងរងទុក្ខ។ ហើយជាញឹកញាប់ ទ្រង់បានធ្វើការតាមរយៈមនុស្សដូចយើងរាល់គ្នា ដើម្បីមើលថែរអ្នកដទៃ។-Julie Ackerman Link