ជាច្រើនឆ្នាំកន្លងមក ខារ៉ូលីន(Carolyn) ភរិយារបស់ខ្ញុំ បានចំណាយពេលបោះជំរុំជាមួយខ្ញុំពីរបីថ្ងៃ នៅតាមចង្កេះភ្នំ រេនា ក្នុងរដ្ឋវ៉ាស៊ីនតុន។ នៅពេលល្ងាចថ្ងៃមួយ ពេលយើងវិលត្រឡប់មកកន្លែងបោះជំរុំយើងវិញ យើងក៏បានឃើញសត្វខ្លាឃ្មំឈ្មោលពីក្បាល កំពុងឈ្លោះគ្នា ដោយទះស្លឹកត្រចៀកគ្នាទៅវិញទៅមក នៅកណ្តាលវាលស្មៅ។ យើងក៏បាននៅមើលពួកវាប្រយុទ្ធគ្នា ពីចម្ងាយ។ មានអ្នកដើរព្រៃម្នាក់ នៅក្បែរនោះ ហើយខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីបានជាពួកវាឈ្លោះគ្នា។ គាត់ក៏បានប្រាប់ថា “គឺមកពីខ្លាឃ្មំញីមួយក្បាល”។ ខ្ញុំក៏សួរថា “ខ្លាឃ្មំញីនោះនៅឯណា?” គាត់ឆ្លើយទាំងសើចក្អឹកៗថា “អូហ៍ វាទៅបាត់២០នាទីហើយ”។ ដូចនេះ ខ្ញុំក៏បានសន្និដ្ឋានថា ជម្លោះរវាងសត្វខ្លាឃ្មំឈ្មោលទាំងពីរ មិនមែនដោយសារមេខ្លាឃ្មំទេ ត្រង់ចំណុចនេះ គឺមកពីពួកវាចង់ប្រកួត ឲ្យដឹងថា មួយណាខ្លាំងជាង។
ការប្រយុទ្ធភាគច្រើន មិនមែនដើម្បីគោលនយោបាយ ឬគោលការណ៍ ឬដើម្បីរកខុសត្រូវឡើយ តែគឺដោយសារអំណួត ស្ទើរតែគ្រប់ពេល។ អ្នកប្រាជ្ញ ដែលនិពន្ធបទគម្ពីរសុភាសិត បានជីកចំឫសនៃបញ្ហាទាំងឡាយ ពេលដែលគាត់សរសេរថា “ផលនៃសេចក្តីឆ្មើងឆ្មៃ(ឬអំណួត) នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ”(១៣:១០)។ ជម្លោះត្រូវបានដុតបញ្ឆេះ ដោយសារអំណួត ដែលចង់ឲ្យគេគិតថា ខ្លួនត្រូវ ឬចង់ធ្វើអ្វីៗតាមចិត្តខ្លួនឯង ឬមួយចង់ការពារមុខមាត់ ឬតម្លៃរបស់ខ្លួនឯង។
ផ្ទុយទៅវិញ ប្រាជ្ញានៅជាប់នឹងអ្នកដែលទទួលការអប់រំបានល្អ គឺអ្នកដែលបានស្តាប់ និងរៀនសូត្រ ដោយបើកចិត្តនិងបន្ទាបខ្លួនទទួលការបង្រៀន។ ប្រាជ្ញាមាននៅក្នុងអ្នកដែលចេះបន្ទាបខ្លួន អ្នកដែលដោះក្តីប្រាថ្នាដ៏ខ្ពស់របស់ខ្លួនចេញ អ្នកដែលទទួលស្គាល់ថា ការយល់ដឹងរបស់ខ្លួនមានកំណត់ អ្នកដែលស្តាប់ទស្សនៈរបស់អ្នកដទៃ និងអ្នកដែលព្រមឲ្យគេកែតម្រង់គំនិតយោបលរបស់ខ្លួន។
នេះហើយជាប្រាជ្ញា ដែលមកពីព្រះ ដែលផ្សព្វផ្សាយសន្តិភាព នៅគ្រប់ទីកន្លែង។-David Roper