មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?
ក្នុងសៀវភៅរឿងប្រឌិត ដែលលោកស៊ីអេស លូអ៊ីស(C.S.Lewis)និពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស គាត់បាននិយាយអំពីការសន្ទនារវាងអារក្សដែលមានតំណែងខ្ពស់ ជាមួយអារក្សថ្នាក់ក្រោម អំពីរបៀបល្បួងគ្រីស្ទបរិស័ទម្នាក់ ឲ្យបានជោគជ័យ។ អារក្សទាំងពីរចង់បំផ្លាញជំនឿ ដែលគ្រីស្ទបរិស័ទម្នាក់នោះ មានចំពោះព្រះ។ អារក្សថ្នាក់លើក៏និយាយទៅអារក្សថ្នាក់ក្រោមថា “កុំច្រឡំឲ្យសោះ។ បុព្វហេតុរបស់យើងត្រូវខូចខាតខ្លាំងបំផុត ពេលដែលមនុស្សម្នាក់ នៅតែទុកចិត្តព្រះ បន្ទាប់ពីខ្លួនបានមើលទៅចក្រវាលនៅជុំវិញខ្លួន តែមិនឃើញមានព្រះគង់នៅទីណាសោះ ហើយក៏បានសួរខ្លួនឯងថា តើព្រះបានបោះបង់ចោលខ្ញុំហើយឬ?” យ៉ាងណាមិញ នៅក្នុងព្រះគម្ពីរ យើងឃើញមានគំរូរបស់មនុស្សជាច្រើន ដែលបានប្រព្រឹត្តដោយជំនឿ ទោះជាពួកគេមានអារម្មណ៍ថា ត្រូវគេបោះបង់ចោលក៏ដោយ។ លោកអាប់រ៉ាមធ្លាប់មានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចព្រះបន្ទូល ដែលទ្រង់បានសន្យាថា នឹងប្រទានឲ្យគាត់មានកូនស្នងត្រកូលម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់គិតថា ព្រះមិនបានអើពើចំពោះគាត់ ពេលគាត់មានបញ្ហា(ទំនុកដំកើង ១០:១)។ ពេលលោកយ៉ូបបានជួបទុក្ខលំបាកខ្លាំង គាត់គិតថា ព្រះទ្រង់ក៏នឹងផ្តាច់ជីវិតគាត់មិនខាន(យ៉ូប ១៣:១៥)។ ហើយពេលព្រះយេស៊ូវកំពុងជាប់លើឈើឆ្កាង ទ្រង់ក៏បានស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែក្នុងរឿងនីមួយៗ ព្រះទ្រង់បានបង្ហាញនូវភាពស្មោះត្រង់របស់ទ្រង់ជានិច្ច(លោកុប្បត្តិ ២១:១-៧ ទំនុកដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។…
Read article