September 17, 2017

You are here:
តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?

ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ហេតុ​អ្វី​បាន​ជា​អ្នក​បើកបរ​ដែល​មាន​ជាតិ​ស្រវឹង ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​មាន​របួស​ធ្ងន់? ហេតុ​អ្វី​មនុស្ស​អាក្រក់​មាន​ភាព​សំបូរ​សប្បាយ តែ​មនុស្ស​ល្អ​ត្រូវ​រង​ទុក្ខ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​អ្នក​គិត​លែង​យល់ អំពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ក៏​បាន​ស្រែក​ឡើងថា “តើ​ព្រះ​ទ្រង់​ខ្វល់​ពី​ខ្ញុំទេ?” លោក​ហាបាគុក ក៏​ធ្លាប់​សួរ​សំណួរ​មួយ​នេះ​ផង​ដែរ ពេល​ដែល​គាត់​ឃើញ​ស្ថាន​ភាព​ដ៏​លំបាក ក្នុង​ស្រុក​យូដា ដោយ​អំពើ​ទុច្ច​រិត និង​ភាព​អយុត្តិ​ធម៌ កំពុង​តែចម្រើន​ឡើង​យ៉ាង​ខ្លាំង(ហាបាគុក ១:១-៤)។ ពេល​គាត់​មាន​អារម្មណ៍​ច្របូក​ច្របល់ គាត់​ក៏​បាន​សួរ​ព្រះ​ថា ពេល​ណា​ទើប​ទ្រង់​ដោះ​ស្រាយ​បញ្ហា​នេះ​។ ពេល​នោះ ការ​ឆ្លើយ​តប​របស់​ព្រះ​គ្មាន​អ្វីដែល​ពិបាក​យល់​ឡើយ។  ព្រះ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រើ​សាសន៍​ខាល់​ដេ ដើម្បី​កែ​តម្រង់​សាសន៍​យូដា។ គេ​ឮ​ល្បី​ថា សាសន៍​ខាល់​ដេ​មាន​ភាព​សាហាវ​ព្រៃ​ផ្សៃ(ខ.៧)។​ ពួក​គេ​ពូកែ​ខាង​ប្រើ​ហឹង្សា​(ខ.៩) ហើយ​ពួក​គេ​ថ្វាយ​បង្គំ​អំណាច​ទ័ព និង​ព្រះ​ក្លែង​ក្លាយ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ(ខ.១០-១១)។ នៅ​ពេល​ដែល​យើង​មិន​យល់​អំពី​ផ្លូវ​របស់​ព្រះ យើង​ចាំ​បាច់​ត្រូវ​ទុក​ចិត្ត​លើ​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល។ លោក​ហាបាគុក​បាន​ធ្វើ​ដូច​នេះ​ឯង។ គឺ​គាត់​ជឿ​ថា ព្រះ​ទ្រង់​ជា​ព្រះ​នៃ​យុត្តិ​ធម៌ សេចក្តី​មេត្តា និង​សេចក្តី​ពិត​(ទំនុកដំកើង ៨៩:១៤)។ នៅ​ពេល​នោះ គាត់​បាន​រៀន​មើល​ទៅ​ស្ថាន​ភាព​របស់​គាត់ ដោយ​យល់​ដល់​លក្ខណៈ​សម្បត្តិរបស់ព្រះ ជា​ជាង​មើល​ទៅ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ផ្អែក​ទៅ​លើ​ស្ថាន​ភាព​របស់​គាត់។ ទីបញ្ចប់ គាត់ក៏បានសន្និដ្ឋានថា “ព្រះយេហូវ៉ា គឺ​ជា​ព្រះអម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ”(ហាបាគុក ៣:១៩)។-Poh Fang…

Read article