មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?

ក្នុង​សៀវ​ភៅ​រឿង​ប្រឌិត ដែល​លោក​ស៊ីអេស លូអ៊ីស(C.S.Lewis)​និពន្ធ មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស  គាត់​បាន​និយាយ​អំពី​ការ​សន្ទនា​រវាង​អារក្ស​ដែល​មាន​តំណែង​ខ្ពស់ ជា​មួយ​អារក្ស​ថ្នាក់​ក្រោម អំពី​របៀប​ល្បួង​គ្រីស្ទ​បរិស័ទ​ម្នាក់ ឲ្យ​បាន​ជោគ​ជ័យ។ អារក្ស​ទាំង​ពីរ​ចង់​បំផ្លាញ​ជំនឿ ដែល​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ មាន​ចំពោះ​ព្រះ។​ អារក្ស​ថ្នាក់​លើ​ក៏​និយាយ​ទៅ​អារក្ស​ថ្នាក់​ក្រោម​ថា “កុំ​ច្រឡំ​ឲ្យ​សោះ។ បុព្វ​ហេតុ​របស់​យើង​ត្រូវ​ខូច​ខាត​ខ្លាំង​បំផុត ពេល​ដែល​មនុស្សម្នាក់ នៅ​តែ​ទុក​ចិត្ត​ព្រះ បន្ទាប់​ពី​ខ្លួន​បាន​មើល​ទៅ​ចក្រ​វាល​នៅ​ជុំវិញ​ខ្លួន តែ​មិន​ឃើញ​មាន​ព្រះ​គង់​នៅ​ទីណា​សោះ ហើយ​ក៏​បាន​សួរខ្លួន​ឯង​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ​ឬ?”

យ៉ាង​ណា​មិញ នៅ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញ​មាន​គំរូ​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រព្រឹត្ត​ដោយ​ជំនឿ ទោះ​ជា​ពួក​គេ​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល​ក៏​ដោយ។ លោក​អាប់រ៉ាម​ធ្លាប់​មាន​អារម្មណ៍​ថា​ ព្រះ​ទ្រង់​បាន​ភ្លេច​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ​គាត់​មាន​កូន​ស្នង​ត្រកូល​ម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​ធ្លាប់​គិត​ថា ព្រះ​មិន​បានអើពើ​ចំពោះ​គាត់ ពេល​គាត់​មាន​បញ្ហា(ទំនុក​ដំកើង ១០:១)។ ពេល​លោក​យ៉ូប​បាន​ជួប​ទុក្ខ​លំបាក​ខ្លាំង គាត់​គិត​ថា ព្រះ​ទ្រង់​ក៏​នឹង​ផ្តាច់ជីវិត​គាត់​មិន​ខាន(យ៉ូប ១៣:១៥)។ ហើយ​ពេល​ព្រះ​យេស៊ូវ​កំពុង​ជាប់​លើ​ឈើ​ឆ្កាង ទ្រង់​ក៏​បានស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែ​ក្នុង​រឿង​នីមួយ​ៗ ព្រះ​ទ្រង់​បាន​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​ជា​និច្ច(លោកុប្បត្តិ ២១:១-៧ ទំនុក​ដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។

ទោះ​សា​តាំងព្យាយាម​ល្បួង​ឲ្យ​អ្នក​គិត​ថា អ្នក​ត្រូវ​ព្រះ​បោះ​បង់​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ក្បែរ​ជា​និច្ច។ ទ្រង់​មិន​ដែល​បោះ​បង់​កូន​ទ្រង់​ឡើយ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង ក៏​មិន​បោះ​បង់​ចោល​យើង​ឡើយ(ហេព្រើ ១៣:៥)។ យើង​អាច​និយាយ​ដោយក្លា​ហាន​ថា “ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន”(ខ.៦)។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles