មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននិយាយប្រាប់ខ្ញុំ អំពីមនុស្សមួយក្រុម ដែលមានចំណងទំនាក់ទំនងដ៏រឹងមាំ ក្នុងជំនឿលើព្រះគ្រីស្ទ។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់ អាយុ ៩៣ឆ្នាំ បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទូរស័ព្ទទៅអ្នកណាក៏បាន ក្នុងចំណោមអ្នកទាំងអស់គ្នា នៅម៉ោង ២ រំលងអាធ្រាត ដោយមិនចាំបាច់និយាយសុំទោសក៏បាន បើសិនជាខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការឲ្យគេជួយការអ្វីមួយ”។ រឿងនេះបានបង្ហាញថា មិត្តភក្តិមួយក្រុមនេះ មានការប្តូរប្តេជ្ញចំពោះគ្នា ដោយគ្មានលក្ខខ័ណ្ឌ ព្រោះពេលពួកគេណាម្នាក់ត្រូវការឲ្យគេអធិស្ឋានឲ្យ ឬត្រូវការជំនួយដោយផ្ទាល់ ឬត្រូវការនរណាម្នាក់ ឲ្យនៅក្បែរ ក្នុងពេលលំបាក នោះគេអាចទាក់ទងគ្នាតាមទូរស័ព្ទ ទោះជានៅពេលយល់កណ្តាលអាធ្រាតក៏ដោយ។
លក្ខណៈនៃការប្តេជ្ញាចិត្តដូចនេះ ក៏មានចែងក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំរបស់ព្រះយេស៊ូវ នៅក្រុងកូល៉ុសផងដែរ។ កាលនោះ សាវ័កប៉ុលបានសរសេរសំបុត្រ ក្នុងពន្ធធនាគា នៅក្រុងរ៉ូម ផ្ញើទៅលោកទីឃីកុស និងលោកអូនេស៊ីម ដើម្បីលើកទឹកចិត្តពួកគេ(កូល៉ុស ៤:៧-៩)។ លោកអើរីស្តាក ម៉ាកុស និងយូស្ទូស ក៏បានផ្ញើនូវក្តីនឹករឭកតាមសំបុត្ររបស់គាត់ផងដែរ(ខ.១០-១១)។ លោកអេប៉ាប្រាស ក៏បាន “ខំប្រឹងអធិស្ឋានជានិច្ច ឲ្យគេរាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក”(ខ.១២)។
សំបុត្រនេះបានបង្ហាញអំពីចំណងទាក់ទងដ៏រឹងមាំ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការជួយយកអសារគ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនស្លាប់រស់ ក្នុងជំនឿ។ តើអ្នកមានចំណែកនៅក្នុងក្រុមប្រភេទនេះឬទេ? បើសិនជាដូច្នោះមែន នោះចូរអរព្រះគុណព្រះ សម្រាប់ភាពស្មោះត្រង់ ដែលមិត្តសំឡាញ់អ្នក មានចំពោះអ្នកចុះ។ តែបើមិនដូច្នោះទេ ចូរទូលសូមដល់ព្រះអម្ចាស់ ឲ្យតភ្ជាប់អ្នក ជាមួយបងប្អូនរួមជំនឿម្នាក់ទៀត ដែលអាចអធិស្ឋាន និងយកអសារគ្នា ដោយការប្តេជ្ញាចិត្ត។ ខ្ញុំជឿថា បន្ទាប់ពីអ្នកបានអនុវត្តដូចនេះហើយ មិនយូរប៉ុន្មាន មានមនុស្សកាន់តែច្រើននឹងចូលរួមជាមួយអ្នកទៀត។ ចូរចែករំលែកសេចក្តីស្រឡាញ់ព្រះគ្រីស្ទ ដល់គ្នាទៅវិញទៅមក ទោះជាដោយមធ្យោបាយណា នៅពេលណា ឬនៅកន្លែងណាក៏ដោយ។ ចូរធ្វើទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវ!-David McCasland