ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។

នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។

ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌ តាម​មធ្យោ​បាយ​ជា​ច្រើន ដែល​មាន​ដូច​ជា ការ​លះ​បង់​ពេល​វេលា និង​ធន​ធាន ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ការ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​កំពុង​តែ​នៅ​ឯ​កោ ព្រម​ទាំង​ជួយ​ដល់​អស់អ្នក​ដែល​ខ្វះ​ខាត​ជា​ដើម(ម៉ាថាយ ៦:២០)។-LAWRENCE DARMANI

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles