ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។

ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?”

ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។

បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។ ផ្លូវ​របស់​ព្រះ​សម្រាប់​យើង​ មាន​ខ្លះ​រដិប​រដុប និង​រលាក់ ខ្លះ​ទៀត​គួរ​ឲ្យ​នឿយ​ហត់ និង​គួរ​ឲ្យ​ធុញ​ទ្រាន់ តែ​ផ្លូវ​របស់​ទ្រង់​ទាំង​អស់ ​សុទ្ធ​តែ​មាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់។ នៅ​ពេល​ដែល​យើង​បាន​ទៅ​ដល់​ទី​បញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ​របស់​យើង ហើយ​ដឹងថា មាន​អ្វី​រង់​ចាំ​យើង នោះ​យើង​មុខ​ជា​និយាយ​ថា “ផ្លូវ​របស់​ព្រះ​ គឺ​ជា​ផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ”។-DAVID ROPER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles