October 22, 2017

You are here:
អំណរនៅក្នុងព្រះវត្តមានទ្រង់

ក្នុង​គោល​ជំនឿ​របស់​ពួក​ជំនុំ​វែសមីនស្ទ័រ គេ​ជឿ​ថា “គោល​បំណង​ធំ​បំផុត​ដែល​ព្រះ​បាន​បង្កើតមនុស្ស​មក គឺ​ដើម្បី​ថ្វាយ​សិរី​រុង​រឿង​ដល់​ទ្រង់ ហើយ​មាន​អំណរ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត”។ ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​បទ​គម្ពីរ​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត ​ឲ្យ​យើង​មាន​ភាព​កតញ្ញូ​ពេញ​ដោយ​​សេចក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ពេញ​ចិត្ត ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ។ ពេល​យើង​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នោះ​យើង​ក៏​កំពុង​សរសើរ​ដំកើង​ទ្រង់​ថា ទ្រង់​ជា​ប្រភព​ដែល​បង្ហូរ​ចេញ​នូវ​សេចក្តី​ល្អ​សប្បុរស​គ្រប់​យ៉ាង។ ពេល​ដែល​យើង​សរសើរ​ព្រះ​ចេញ​ពី​ចិត្ត​របស់​យើង នោះ​យើង​នឹង​បាន​ដឹង​ច្បាស់​ថា ខ្លួន​ឯង​មាន​សេចក្តី​អំណរ​ជាទី​បំផុត ​គឺ​ត្រូវ​តាម​គោល​បំណង​ដែល​ទ្រង់​បាន​បង្កើត​យើង​មក។ ដែល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ឬ​ទេស​ភាព​វាល​ស្មៅ​ដ៏​សុខ​សាន្ត​ បាន​បង្ហាញ​អំពី​ព្រះ​តេជា​នុភាព​របស់​ព្រះ​អាទិករ​ ជា​យ៉ាង​ណា នោះ​ការ​ថ្វាយ​បង្គំ​ក៏​បាន​នាំ​យើង​ ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​ខាង​ឯវិញ្ញាណ​ជា​មួយ​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ។ បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ពោល​ថា “​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង . . . ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់” (ទំនុកដំកើង ១៤៥:៣,១៨)។ ព្រះ​ទ្រង់​មិន​ត្រូវ​ការ​ការ​សរសើរ​របស់​យើង​ទេ ប៉ុន្តែ​ យើង​វិញ​ទេ​ដែល​ចាំ​បាច់​ត្រូវ​សរសើរ​ដំកើង​ទ្រង់។ ពេល​យើង​អរសប្បាយ​នៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ នោះ​យើង​នឹង​បាន​ឆ្អែត​ដោយ​សេចក្តី​អំណរ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​ឥត​ព្រំ​ដែន ព្រម​ទាំង​បាន​អរ​សប្បាយ​ចំពោះ​ព្រះ​អង្គ ​ដែល​បាន​យាង​មក​ដើម្បី​ជួយ​សង្រ្គោះ និង​ស្អាង​យើង​ឡើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​បាន​ថ្លែង​ផង​ដែរ​ថា “ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ​ពេញ នៅ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ​ជា​ដរាប​ត​ទៅ”(១៦:១១)។-DENNIS FISHER

Read article