សាលាវិទ្យាល័យ ដែលខ្ញុំបានទៅរៀនកាលពីមុន តម្រូវឲ្យសិស្សសិក្សាភាសាឡាតាំង៤ឆ្នាំ។ សព្វថ្ងៃនេះ ខ្ញុំបានយល់ពីតម្លៃនៃការរៀនភាសាមួយនេះ តែកាលពីមុន វាជាការសិក្សាដ៏គួរឲ្យធុញទ្រាន់។ កាលនោះ គ្រូរបស់ខ្ញុំជឿថា ការអនុវត្តន៍ និងការទន្ទេញច្រើនលើកច្រើនសារ មានប្រយោជន៍ណាស់។ បានជាគាត់តែងតែនិយាយឮៗ មកកាន់យើង ជាភាសាឡាតាំង មួយថ្ងៃបីដងថា “ការទន្ទេញ ជាមាតានៃការរៀនសូត្រ”។ យើងក៏បាននិយាយតែក្នុងចិត្តថា “ការទន្ទេញគឺជារឿងដែលគួរឲ្យធុញទ្រាន់”។
ការទន្ទេញជាការថាដដែលៗញយៗ ឲ្យចាំមាត់ ជាសកម្មភាពច្រំដែល ដែលអាចធ្វើឲ្យយើងមានការនឿយណាយ។ តែសព្វថ្ងៃនេះ ខ្ញុំដឹងថា ភាគច្រើននៃជីវិតយើង គឺគ្រាន់តែជាការធ្វើច្រំដែល នូវការអ្វីដែលគួរឲ្យធុញទ្រាន់ គ្មានការបណ្តាលចិត្ត និងគ្មានភាពក្លៀវក្លា ដែលយើងត្រូវធ្វើម្តងហើយម្តងទៀត។ ទស្សនវិទូដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បានមានប្រសាសន៍ថា “ការធ្វើច្រំដែល ជាអ្វីដែលយើងធ្វើជាធម្មតា ហើយមានការចាំបាច់ ដូចជាការញាំនំប៉័ងដែរ”។ តែគាត់ក៏បាននិយាយបន្ថែមទៀតថា “ការធ្វើច្រំដែលអាចជានំប៉័ងដែលធ្វើឲ្យយើងឆ្អែត ដោយព្រះពរ”។
បើសិនជាយើងធ្វើកិច្ចការដដែលៗ ថ្វាយព្រះអស់រយៈពេលជាច្រើនឆ្នាំ នោះចូរយើងបន្តធ្វើកិច្ចការនីមួយៗ កុំឲ្យណាយចិត្ត ទោះកិច្ចការទាំងនោះ មានភាពសាមញ្ញ តូចទៀប ឬហាក់ដូចជាមិនសូវមានតម្លៃក៏ដោយ ហើយត្រូវទូលសូមឲ្យព្រះទ្រង់ប្រទានពរដល់កិច្ចការទាំងនោះ និងសូមឲ្យទ្រង់ជួយឲ្យយើងធ្វើត្រូវតាមគោលបំណងទ្រង់។ កាលណាយើងធ្វើដូចនេះ គឺមានន័យថា យើងស្ម័គ្រចិត្តទទួលយកភាពគួរឲ្យធុញទ្រាន់នៃជីវិត ហើយឲ្យព្រះទ្រង់កែប្រែការទាំងនោះ ទៅជាកិច្ចការដ៏បរិសុទ្ធ ដែលនៅចុងបញ្ចប់ យើងនឹងទទួលនូវព្រះពរដ៏អស់កល្បជានិច្ច។ កវីកំណាព្យ ឈ្មោះជឺរ៉ាដ មែនលេយ ហប់ឃីន(Gerard Manley Hopkins) បានមានប្រសាសន៍ថា “ការលើកដៃឡើងអធិស្ឋាន អាចថ្វាយសិរីល្អដល់ព្រះ តែការដែលបុរសម្នាក់កាន់ចបកាប់ ធ្វើការក្នុងចំការ និងស្រ្តីម្នាក់កាន់ផើងទឹក ក៏អាចថ្វាយសិរីល្អដល់ព្រះផងដែរ។ ព្រះទ្រង់ធំប្រសើរណាស់ បានជាយើងអាចប្រើការល្អគ្រប់យ៉ាង ដើម្បីថ្វាយសិរីល្អដល់ទ្រង់”។
បើសិនជាអ្វីៗដែលយើងធ្វើ សុទ្ធតែដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ នោះយើងនឹងរកឃើញក្តីអំណរ និងខ្លឹមសារ នៅក្នុងកិច្ចការដ៏សាមញ្ញបំផុត ដែលយើងថ្វាយទ្រង់ ហើយយើងនឹងមានការភ្ញាក់ផ្អើល។-David Roper