កាលពីឆ្នាំ២០១៤ មានអ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យកាលីហ្វូញ៉ា បានប្រើតុក្កតាឆ្កែមួយក្បាល ដែលមានរូបរាង្គដូចសត្វឆ្កែពិតៗ ដើម្បីបង្ហាញថា សត្វក៏ចេះប្រចណ្ឌផងដែរ។ សាស្រ្តាចារ្យ គ្រីស្ទីន ហារីស(Christine Harris) បានឲ្យម្ចាស់ឆ្កែជាច្រើននាក់មកជួបជុំគ្នា ដោយនាំយកឆ្កែរបស់ខ្លួនមកជាមួយ។ គាត់បានសុំឲ្យម្ចាស់ឆ្កែទាំងនោះបង្ហាញសេចក្តីស្រឡាញ់ដល់តុក្កតាឆ្កែ នៅចំពោះមុខសត្វឆ្កែចិញ្ចឹមរបស់ខ្លួន។ គាត់ក៏បានរកឃើញថា ៧៥ភាគរយនៃសត្វឆ្កែទាំងអស់នោះ បានឆ្លើយតប ដោយការប្រចណ្ឌ ដែលគេងាយនឹងមើលដឹង។ សត្វឆ្កែខ្លះបានព្យាយាមធ្វើឲ្យម្ចាស់វា ងាកមកចាប់អារម្មណ៍នឹងខ្លួនវិញ ដោយទៅប៉ះ ឬយកខ្លួនទៅត្រដុសនឹងម្ចាស់វាថ្នមៗ។ ឆ្កែផ្សេងទៀតបានព្យាយាមទៅជ្រែកចំកណ្តាលម្ចាស់វា និងតុក្កតាឆ្កែនោះ។ មានឆ្កែពីរបីក្បាល បានធ្វើជ្រុលហួសហេតុ ដោយត្របាក់គួរប្រជែងរបស់ខ្លួន ដែលតុក្កតាឆ្កែ។
ការប្រចណ្ឌរបស់សត្វឆ្កែ ហាក់ដូចជាអាចធ្វើឲ្យម្ចាស់វាមានអារម្មណ៍កក់ក្តៅណាស់។ តែការប្រចណ្ឌរបស់មនុស្ស អាចនាំឲ្យមានលទ្ធផល ដែលមិនល្អដូចសត្វឆ្កែទេ។ តែលោកម៉ូសេ និងសាវ័កប៉ុលបានរំឭកយើងថា មានការប្រចណ្ឌមួយប្រភេទទៀត ដែលឆ្លុះបញ្ចាំង ឲ្យយើងឃើញព្រះទ័យដ៏ល្អរបស់ព្រះ។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស គាត់បានមានប្រសាសន៍ថា “ខ្ញុំប្រចណ្ឌ ចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌនៃព្រះ”(២កូរិនថូស ១១:២)។ ត្រង់ចំណុចនេះ គាត់មិនចង់ឲ្យពួកគេ “ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ”(ខ.៣)។ ការប្រចណ្ឌដូចនេះ បានឆ្លុះបញ្ចាំងអំពីបំណងព្រះទ័យព្រះ ដែលបានប្រាប់លោកម៉ូសេ ក្នុងក្រឹត្យវិន័យដប់ប្រការថា ទ្រង់ជាព្រះរបស់គាត់ ទ្រង់មានព្រះទ័យប្រចណ្ឌ(និក្ខមនំ ២០:៥)។
ការប្រចណ្ឌរបស់ព្រះ ខុសពីការប្រចណ្ឌរបស់យើង ដែលគិតប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះទ្រង់ប្រចណ្ឌ ដោយសារទ្រង់សព្វព្រះទ័យនឹងការពារអស់អ្នក ដែលជាកម្មសិទ្ធិរបស់ទ្រង់ ដែលទ្រង់បានបង្កើត និងសង្រ្គោះឲ្យរួចពីបាប។ ទ្រង់បានបង្កើតយើង ហើយបានសង្រ្គោះយើង ដើម្បីឲ្យយើងបានស្គាល់ និងអរសប្បាយនឹងទ្រង់ជារៀងរហូត។ តើមានអ្វី ដែលប្រសើរជាងព្រះ ដែលមានព្រះទ័យស្រឡាញ់យើងខ្លំាងយ៉ាងនេះ ដោយព្រះទ័យប្រចណ្ឌ ដោយចង់ឲ្យយើងមានសុភមង្គលនោះ?-Mart Dehaan