ការនាំមិត្តភក្តិឲ្យចូលទៅរកព្រះយេស៊ូវ
កាលខ្ញុំនៅក្មេង ជម្ងឺគ្រុនស្វិតដៃជើង ស្ថិតក្នុងចំណោមជម្ងឺដែលគេភ័យខ្លាចបំផុត ដែលកើតមានចំពោះកុមារ។ មុនពេលគេរកឃើញវ៉ាក់សាំងការពារជម្ងឺនេះ ក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក មានមនុស្សប្រហែល២ម៉ឺននាក់ បានក្លាយជាជនពិការ ដោយសារជម្ងឺគ្រុនស្វិតដៃជើង ហើយមានមនុស្សប្រហែល១ពាន់នាក់ បានស្លាប់ដោយសារជម្ងឺនេះ ជារៀងរាល់ឆ្នាំ។ នៅសម័យបុរាណ គេបានចាត់ទុកភាពពិការ ជាស្ថានភាពដ៏អាក្រក់ ដែលកើតមានចំពោះជនពិការអស់មួយជីវិត ដោយគ្មានក្តីសង្ឃឹម។ តែមានបុរសមួយក្រុមជឿថា ព្រះយេស៊ូវអាចជួយមិត្តសំឡាញ់របស់ពួកគេ ដែលជាជនពិការ។ ខណៈពេលដែលព្រះយេស៊ូវកំពុងបង្រៀន ក្នុងភូមិកាពើណិម មានពួកប្រុសៗបួននាក់ បានសែងបុរសពិការម្នាក់មកឯទ្រង់។ ពេលដែលពួកគេមិនអាចនាំបុរសនោះ ចូលទៅដល់ព្រះយេស៊ូវបាន ដោយសារមានហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ “គេក៏បានបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ”(ម៉ាកុស ២:១-៤)។ “ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ”(ខ.៥) រួចទ្រង់ក៏បានប្រាប់គាត់ឲ្យក្រោកឈរឡើង ហើយយកគ្រែគាត់ទៅផ្ទះទៅ(ខ.១១។ ពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីជំនឿរបស់ពួកគេ ដោយអត់ទោសបាបឲ្យគាត់ ហើយប្រោសជម្ងឺគាត់ ដែលមនុស្សមិនអាចព្យាបាលបាន! ពេលដែលមនុស្សដែលយើងស្គាល់ កំពុងជួបការពិបាកផ្នែករូបកាយធ្ងន់ធ្ងរ ឬជួបវិបត្តខាងវិញ្ញាណ នោះយើងមានអភ័យឯកសិទ្ធិនៅក្នុងការរួមគ្នាអធិស្ឋាន ហើយនាំគាត់ឲ្យចូលទៅរកព្រះយេស៊ូវ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចបំពេញសេចក្តីត្រូវការដែលជ្រាលជ្រៅបំផុតរបស់ពួកគេបាន។-David Maccasland
Read article