ពន្លឺដ៏ស្រទន់

អ្នក​ស្រី​វ៉ាង ហ្សាវយីង(Wang Xiaoying) រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ ក្នុង​ខេត្ត​យូណាន ប្រទេស​ចិន។ ស្វាមី​របស់​គាត់​មាន​បញ្ហា​សុខ​ភាព ​មិន​អាច​ទៅ​ស៊ី​ឈ្នួល​នៅ​តាម​ស្រែ​ចំការ​បាន ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។ ម្តាយ​ក្មេក​របស់​គាត់​ក៏​បាន​បន្ទោស​គាត់​ថា គាត់​មាន​ការ​ពិបាក​ច្រើន​ដូចនេះ គឺ​បណ្តាល​មក​ពី​គាត់​ជឿ​ព្រះ។ អ្នក​ស្រី​ហ្សាវយីង​ត្រូវ​ម្តាយ​ក្មេក​គាត់​ធ្វើ​ទុក្ខ​បៀត​បៀន​ជា​ច្រើន ហើយ​បាន​ជំរុញ​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​រក​ជំនឿ​សាសនា​របស់​ប្រពៃណី​ជន​ជាតិ​ចិន ដែល​សែន​ព្រេន​ដល់​បុព្វ​បុរស។

តែ​ដោយ​សារ​ស្វាមី​របស់​អ្នក​ស្រី​ហ្សាវ​យីង បាន​សង្កេត​ឃើញគាត់​មាន​ជីវិត​ផ្លាស់​ប្រែ ស្វាមី​គាត់​ក៏​បាន​ប្រាប់​ម្តាយ​ខ្លួន​ថា “ម៉ែ បើ​គ្រាន់​តែ​ឲ្យ​ហ្សាវ​យីង ជឿ​ព្រះ​តែ​ម្នាក់​ឯង នោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​គួរ​តែ​ទទួល​ជឿ​ព្រះ​អង្គផង​ដែរ!” ដោយ​សារ​គាត់​បាន​ឃើញ​ការ​ផ្លាស់​ប្រែ​ដ៏​គួរ​ឲ្យ​កត់​សំគាល់ នៅ​ក្នុង​ជីវិត​ភរិយា​គាត់ ​នោះ​គាត់​ក៏​បាន​បើក​ចិត្ត​ពិចារណា​អំពី​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ។

តាម​ធម្មតា មនុស្ស​ចាប់​អារម្មណ៍​នឹង​របៀប​នៃ​ការ​រស់​នៅ​របស់​យើង ជា​ជាង​ស្តាប់​យើង​និយាយ។ ការ​ធ្វើ​បន្ទាល់​ដ៏​ល្អ​បំផុត គឺ​រាប់​បញ្ចូល​ការ​បញ្ចេញ​អាកប្ប​កិរិយ៉ា​ល្អ​ៗ បូក​រួម​ជា​មួយ​ពាក្យ​សម្តី​ដែល​ត្រឹម​ត្រូវ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ក្នុង​ជីវិត​យើង។ សូម​យើង​ស្វែង​យល់​អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស អំពី​របៀប​ដែលយើង​អាច​នាំ​លោកិយ​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ។​ គាត់​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ឲ្យ “មាន​ចិត្ត​ឆេះ​ឆួល នៅ​ក្នុង​ការ​ប្រព្រឹត្ត​ការ​ល្អ”(១ពេត្រុស ៣:១៣) និង​ឲ្យ​រស់​នៅ​ដោយ​ស្តាប់​បង្គាប់​ព្រះ​គ្រីស្ទ មាន​បញ្ញា​ចិត្ត​ជ្រះ​ថ្លា និង​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើង(ខ.១៥)។ បើ​យើង​បាន​អនុវត្ត​ដូច​នេះ យើង​នឹង​គ្មាន​ហេតុ​ផល ដែល​ត្រូវ​ភ័យ​ខ្លាច ពេល​អ្នក​ដទៃ​ធ្វើ​បាប ឬ​និយាយ​បង្ខូច​យើង ដោយ​សារ​ជំនឿ​របស់​យើង​ឡើយ។

ទោះ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​ក៏​ដោយ ចូរ​ឲ្យ​ពន្លឺ​របស់​យើង បាន​ចែង​ចាំង នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ។ ទ្រង់​អាច​ប្រទាន​នូវ​ព្រះ​គុណ​ដែល​យើង​ត្រូវ​ការ សម្រាប់​ឈោង​ចាប់​សូម្បី​តែ​អ្នក​ដែល​ប្រឆាំង​នឹង​យើង។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles