ការជួយរំលែកទុក្ខលំបាក

ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៥ ជា​ថ្ងៃ​គំរប់​ខួប​១០០​ឆ្នាំ នៃ​ទិវា​អានហ្សាក។ ប្រទេស​អូស្រ្តាលី និង​ប្រទេស​ញូហ្សៀឡិន​បាន​ប្រារព្ធ​ធ្វើ​ទិវា​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ ជា​ការ​គោរព​ដល់​កង​ពល​នៃ​ប្រទេស​អូស្រ្តាលី និង​ញូហ្សៀឡិន​ដែល​ហៅ​កាត់​ថា អានហ្សាក(ANZAC) ដែល​បាន​ប្រយុទ្ធ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ពេល​មួយ ដែល​ប្រទេស​ទាំង​ពីរ​មិន​បាន​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ក្នុង​សង្រ្គាម​​តែ​ម្នាក់​ឯង​ឡើយ ពោល​គឺ​កង​ទ័ព​មក​ពី​ប្រទេស​ទាំង​ពីរ បាន​ប្រកៀក​ស្មា​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​សត្រូវ​រួម ក្នុង​សង្រ្គាម​លោក​លើក​ទី១។

ការ​ជួយ​រំលែក​ទុក្ខ​លំបាក​ក្នុង​ជីវិត ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​មូល​ដ្ឋាន​គ្រឹះ នៃ​របៀប​នៃ​ការ​រស់​នៅ​របស់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​ស្រប​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើង​អាច​ជួយ​ពង្រឹង​ជំនឿ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​មាន​ទុក្ខ​លំបាក ដោយ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ជម្នះ​បញ្ហា​ក្នុង​ជីវិត។ កាល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ការ​ពិបាក​ក្នុង​ជីវិត នឹង​នាំ​យើង​ឲ្យ​ចូល​ទៅ​ជិតព្រះ និង​ទៅ​ជិត​គ្នា បាន​សេចក្តី​ថា យើង​មិន​នៅ​តែ​ឯង ពេល​មាន​ទុក្ខ​លំបាក​ឡើយ។

កាល​ណា​យើង​ជួយ​រំលែក​ទុក្ខ​លំបាក ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​យក​តម្រាប់​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​បទ​គម្ពីរ​អេសាយ​បាន​ចែង​ថា “ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។ ទោះ​យើង​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​មិន​ឲ្យយើង​ប្រឈ​មុខ​ដាក់​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles