ធ្វើតាមការណែនាំ

ពេល​ត្រូវ​ការ​ដំឡើង​គ្រឿង​អេឡិច​ត្រូនិច គ្រឿង​សង្ហារឹម និង​សម្ភារៈ​អ្វី​ផ្សេង​ទៀត កូន​ប្រុស​ខ្ញុំ​មាន​របៀប​ធ្វើ​ខុស​ពី​ខ្ញុំ។ ស្ទីវ(Steve) មាន​អំណោយ​ទាន​ផ្នែក​មេកានិច ដូច​នេះ គាត់​ច្រើន​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ភ្លាម​ៗ ដោយ​មិន​ចាំ​បាច់​មើល​សៀវ​ភៅ​ណែ​នាំ​អំពី​របៀប​ដំ​ឡើង។ ខណៈ​ពេល​ដែល​គាត់​បាន​ផ្គុំផ្នែក​ផ្សេង​ៗ​ចូល​គ្នា​បាន​ជិត​ពាក់​កណ្តាល​ទៅ​ហើយ​នោះ។

ជួន​កាល យើង​អាច​ធ្វើ​កិច្ច​ការ​អ្វី​មួយ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​សៀវ​ភៅ​ណែនាំ។ តែ​ពេល​ដែល​យើង​ត្រូវ​ផ្គុំ​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​យើង ដើម្បី​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​សេចក្តី​ល្អ និង​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​មិន​អាច​​ព្រងើយ​កន្ទើយ នឹង​ការ​ណែ​នាំ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ។ សូម​យើង​ស្វែង​យល់​អំពី​គំរូ​ដ៏​ល្អ របស់​ពួក​អ៊ីស្រាអែល​ដែល​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ បន្ទាប់​ពី​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​ជា​ឈ្លើយ​សង្រ្គាម។ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​បង្កើត​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​ឡើង​វិញ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ពួក​គេ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ “តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ”(អែសរ៉ា ៣:២)។ ពួក​គេ​ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ យ៉ាង​ត្រឹម​ត្រូវ ដោយ​សាង​សង់​អាសនា និង​ប្រារព្ធ​ពិធី​បុណ្យ​បារាំ តាម​ការ​បង្គាប់​របស់​ព្រះ ក្នុង​បទ​គម្ពីរ​លេវីវិន័យ ២៣:៣៣-៤៣។

ព្រះ​គ្រីស្ទ​ក៏​បាន​ប្រទាន​នូវ​ការ​បង្រៀន និង​ព្រះ​រាជ​បញ្ជា សម្រាប់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ។ ​គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង” ហើយ “ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេល​យើង​ជឿ​ទ្រង់ យើង​ចូល​ទៅ​រក​ទ្រង់ នោះ​ទ្រង់​ក៏​បង្ហាញ​យើង​នូវ​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ។ ព្រះ​ដែល​បាន​បង្កើត​យើង​មក ទ្រង់​ជ្រាប​ថា ជីវិត​យើង​ត្រូវ​រស់​នៅ​បែប​ណា ឲ្យ​បាន​ត្រឹម​ត្រូវ ពោល​គឺ​ទ្រង់​ស្គាល់​យើង ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​ឯង។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles