អ្វីដែលយើងត្រូវខ្វល់

ការ​ទទួល​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចំា​ថ្ងៃ។ ជួន​កាល យើង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​គំនិត ឬ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​សម្ប​ជញ្ញៈ និង​បំណង​ព្រះ​ទ័យ​ព្រះ។ យើង​បារម្ភ​ថា គេ​នឹង​កាត់​ទោស ឬ​ចម្អក​ឲ្យ​យើង។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​ធ្លាប់​ទទួល​រង​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​ផង​ដែរ។ នៅ​សម័យ​នោះ មាន​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​យូដា​មួយ​ចំនួន បាន​ជឿ​ថា សាសន៍​ដទៃ​គួរ​តែ​កាត់​ស្បែក ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ​ដ៏​ពិត​ប្រាកដ​(កាឡាទី ១:៧ ៦:១២-១៥)។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​របស់​ខ្លួន។​ គាត់​នៅ​តែ​បន្ត​ផ្សាយ​ព្រះ​បន្ទូល​ថា សេចក្តី​សង្រ្គោះ​គឺ​បាន​មក​ពី​ព្រះ​គុណ​ព្រះ ដោយ​សារ​សេចក្តី​ជំនឿ​តែ​មួយ​មុខ​គត់ គឺ​មិន​បាន​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បន្ថែម ដើម្បី​ឲ្យ​បាន​សង្រ្គោះ​ទេ។​ ហើយ​គេ​ក៏​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​តាំង​ខ្លួន​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ។​ ហើយ​ពួក​គេ​ថែម​ទាំង​បាន​លើក​ឡើង​ថា​ ដំណឹង​ល្អ​ដែល​គាត់​បាន​ផ្សាយ មិន​ដែល​បាន​ទទួល​ការ​យល់​ព្រម​ពី​ពួក​សាវ័ក​ឡើយ(២:១-១០)។

ទោះ​ជា​មាន​សំពាធ​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​នៅ​តែ​ដឹង​ច្បាស់​ថា គាត់​កំពុង​បម្រើ​នរណា។ គាត់​កំពុង​បម្រើ​ព្រះ​គ្រីស្ទ។ ដូច​នេះ ការ​យល់​ព្រម​របស់​ព្រះ សំខាន់​ជាង​ការ​យល់​ព្រម​របស់​មនុស្ស។ គាត់​បាន​កំណត់​គោល​ដៅ​ថា គាត់​នឹង​មិន​ព្យាយាម​ស្វែង​រក​ការ​យល់​ព្រម ពី​មនុស្ស​ឡើយ។ គាត់​នឹង​បំពេញ​ព្រះ​ទ័យ​ព្រះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ(១:១០)។

យើង​ក៏​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ យើង​នៅ​តែ​បម្រើ​ព្រះ ទោះ​គេ​គោរព​យើង ឬ​ស្អប់​ខ្ពើម​យើង និយាយ​បង្ខូច ឬ​សរសើរ​យើង​ក៏​ដោយ។ ថ្ងៃ​មួយ “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន”(រ៉ូម ១៤:១២)។ មាន​ន័យ​ថា យើង​មិន​គួរ​ខ្វល់​ថា​ គេ​គិត ឬ​និយាយ​អ្វី​ពី​យើង​ឡើយ តែ​អ្វី​ដែល​យើង​ត្រូវ​ខ្វល់​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​វិញ។

យើង​ចង់​ឮ​ព្រះ​សង្រ្គោះ​មាន​បន្ទូល​មក​កាន់​យើង​ថា “ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ!”​(ម៉ាថាយ ២៥:២៣)។-JAIME FERNÁNDEZ GARRIDO, GUEST WRITER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles