ការឈ្នះរង្វាន់ធំ

តាម​ធម្មតា នៅ​ក្នុង​ការ​ប្រឹង​ប្រែង​សម្រេច​គោល​ដៅ ក្នុង​វិស័យ​នីមួយ​ៗ គេ​ចង់​បាន​រង្វាន់ ​ព្រោះ​គេ​បាន​ចាត់​ទុក​វា ជា​តំណាង​ឲ្យ ជោគ​ជ័យ និង​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ។ មេ​ដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ពាន់​រង្វាន់​ក្រេមី និង​អាខេដេមី ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត ឬ​ពាន​រង្វាន់​ណូបែល សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម “រង្វាន់​ធំ​ៗ” ដែល​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​បាន​នោះ​ឡើយ។

តែ​មាន​រង្វាន់​មួយ​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត ដែល​នរណា​ក៏​អាច​ទទួល​បាន​។ សាវ័ក​ប៉ុល​មាន​ការ​យល់​ដឹង​ច្បាស់ អំពី​ការ​ប្រកួត​កីឡា​អត្ត​ពល​កម្ម នៅ​សតវត្សរ៍​ទី១ ដែល​ក្នុង​នោះ កីឡាករ​ទាំង​ឡាយ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព  ដើម្បី​ឲ្យ​បាន​ពាន​រង្វាន់។ គាត់​បាន​គិត​អំពី​រឿង​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ នៅ​ក្រុង​ភីលីព​ថា “សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើ​ហេតុ​អ្វី? ព្រោះ​ចិត្ត​គាត់​បាន​ដក់​ជាប់​នឹង​គោល​ដៅ​ថ្មី​មួយ គឺ “ដើម្បី​ឲ្យ​គាត់​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់”(ខ.១០)។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ”(ខ.១២)។ រង្វាន់​ដែល​គាត់​នឹង​ទទួល​បាន​ក្នុង​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ គឺ​ជា “មកុដ​នៃ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៤:៨)។

យើង​ម្នាក់​ៗ​ក៏​អាច​មមុល​ទៅ​រក​រង្វាន់​ដូច​នេះ​ផង​ដែរ ដោយ​ដឹង​ថា​ យើង​ត្រូវ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អម្ចាស់ ពេល​យើង​ដេញ​តាម​រង្វាន់​នោះ។ ជា​រៀង​រាល់​ថ្ងៃ ពេល​យើង​កំពុង​បំពេញ​កិច្ច​ការ​ដ៏​សាមញ្ញ​របស់​យើង គឺ​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក “រង្វាន់​ដ៏​ធំ” ដែល​ជា “​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១៤)។-David Mccasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles