មានវីដេអូមួយ ដែលនិយាយអំពីក្មេងប្រុសតូចម្នាក់ ដែលដឹងថា វាជិតមានប្អូនស្រីម្នាក់ទៀត។ ពេលនោះ វាមិនសប្បាយចិត្តទេ បានជាវារអ៊ូថា “ខ្ញុំមានប្អូនស្រីម្នាក់ទៀតហើយ សុទ្ធតែស្រីរហូត!” រឿងនេះ បានឆ្លុះបញ្ចាំអំពីការរំពឹងចង់បានរបស់មនុស្ស ដែលប្រែជាការខកចិត្ត។
បញ្ហានេះបានកើតមានជាធម្មតា ក្នុងពិភពលោក។ យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីរឿងមួយ ដែលនិយាយអំពីការខកចិត្តដ៏ខ្លាំងមួយផងដែរ។ លោកយ៉ាកុបបានយល់ព្រមធ្វើការ៧ឆ្នាំ ឲ្យឪពុកក្មេកគាត់ ដើម្បីឲ្យបានសិទ្ធិរៀបការជាមួយនាងរ៉ាជែល។ ប៉ុន្តែ បន្ទាប់ពីបានបំពេញកិច្ចសន្យារបស់គាត់ ហើយលោកយ៉ាកុបក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលយប់ថ្ងៃរៀបការ។ នៅពេលព្រឹកឡើង គាត់ក៏បានដឹងថា ស្រ្តីដែលគាត់បានរៀបការជាមួយមិនមែនជានាងរ៉ាជែលទេ តែជានាងលេអា ដែលជាបងប្អូនភ្លោះរបស់នាង។
ពេលយើងអានរឿងនេះ យើងប្រហែលជាផ្តោតទៅលើការខកចិត្តរបស់លោកយ៉ាកុប ប៉ុន្តែ ចូរយើងស្រម៉ៃថា តើនាងលេអាមានអារម្មណ៍យ៉ាងណាដែរនៅពេលនោះ? ក្តីសង្ឃឹម និងក្តីស្រមៃរបស់នាងបានចាប់ផ្តើមរលាយអស់ នៅថ្ងៃនោះ ពេលដែលគេបានបង្ខំនាងឲ្យរៀបការជាមួយបុរសម្នាក់ ដែលមិនបានស្រឡាញ់នាង ឬមិនចង់បាននាងធ្វើជាភរិយា?
បទគម្ពីរទំនុកដំកើង ជំពូក ៣៧:៤ បានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”។ តើយើងត្រូវជឿថា អ្នកដែលកោតខ្លាចព្រះ មិនដែលមានការខកចិត្តទេឬ? ទេ បទទំនុកដំកើងនេះបានបង្ហាញយ៉ាងច្បាស់ថា អ្នកនិពន្ធទំនុកនេះបានមើលឃើញភាពអយុត្តិធម៌ នៅគ្រប់ទិសទី។ តែគាត់មានទស្សនៈវែងឆ្ងាយ ដោយគាត់បានមានប្រសាសន៍ថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ”(ខ.៧)។ គាត់ក៏បានសន្និដ្ឋានថា “ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក”(ខ.១១)។
ទីបញ្ចប់ គឺនាងលេអាទេ ដែលលោកយ៉ាកុបបានផ្តល់កិត្តិយស និងបានកប់ នៅក្នុងទីបញ្ចុះសពរបស់គ្រួសារគាត់ ជាមួយលោកអ័ប្រាហាំ និងនាងសារ៉ា លោកអ៊ីសាក់ និងនាងរេបិកា(លោកុប្បត្តិ ៤៩:៣១)។ ហើយព្រះទ្រង់ថែមទាំងប្រទានពរលោកិយ ដោយចាត់ព្រះសង្រ្គោះ ឲ្យយាងមកចាប់កំណើត ក្នុងខ្សែស្រឡាយរបស់នាងលេអា ដែលធ្លាប់តែគិតថា គេមិនស្រឡាញ់នាង។ ព្រះយេស៊ូវបានប្រទានយុត្តិធម៌ បានស្អាងឲ្យមានក្តីសង្ឃឹមឡើង ហើយបានប្រទានយើង នូវកេរមរតក ដែលល្អហួសក្តីស្រមៃរបស់យើង។-Tim Gustafson