នៅពេលដែលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនសាលាមេត្តេយ្យ នៅថ្ងៃដំបូង គាត់បានស្រែកយំថា “ខ្ញុំមិនចូលចិត្តសាលារៀនទេ”។ ខ្ញុំ និងស្វាមីរបស់ខ្ញុំ ក៏បានលើកទឹកចិត្តគាត់ថា “ថ្វីដ្បិតតែប៉ា និងម៉ាក់មិនបាននៅសាលារៀនជាមួយកូនមែន តែប៉ា និងម៉ាក់អធិស្ឋានឲ្យកូន។ ម្យ៉ាងទៀត ព្រះយេស៊ូវទ្រង់គង់នៅជាមួយកូនជានិច្ច”។ តែកូនប្រុសខ្ញុំក៏បានលើកហេតុផលថា “តែកូនមិនដែលឃើញទ្រង់ទេ!” ពេលនោះ ស្វាមីខ្ញុំក៏បានឱបវា ហើយនិយាយថា “ព្រះអង្គគង់នៅក្នុងកូនជានិច្ច។ ទ្រង់មិនដែលចាកចេញពីកូនឡើយ”។ កូនប្រុសខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បាននិយាយថា “បាទ ទ្រង់គង់នៅក្នុងកូនមែន”។
មិនមែនមានតែក្មេងៗទេ ដែលភ័យខ្លាចគេទៅចោល។ នៅគ្រប់ដំណាក់កាលទាំងអស់នៃជីវិត យើងជួបពេលដែលយើងត្រូវឃ្លាតចេញពីមនុស្សដែលយើងស្រឡាញ់ ជួនកាល ដោយសារយើងត្រូវរស់នៅក្នុងទីតាំងភូមិសាស្រ្តខុសគ្នា ហើយជួនកាល ដោយសារសេចក្តីស្លាប់ធ្វើឲ្យយើងបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវចាំថា ទោះបីជាយើងមានអារម្មណ៍ថា គេបានបោះបង់យើងចោលក៏ដោយ ក៏ព្រះទ្រង់មិនដែលបោះបង់យើងចោលឡើយ។ ទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។ ព្រះទ្រង់បានចាត់ព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះដ៏កម្សាន្តចិត្ត និងព្រះដ៏ជាជំនួយ ឲ្យយាងមកគង់នៅជាមួយយើង និងនៅក្នុងយើងជារៀងរហូត(យ៉ូហាន ១៤:១៥-១៨)។ យើងជាកូនស្ងួនភ្ញាររបស់ទ្រង់។
កូនប្រុសរបស់ខ្ញុំបានរៀនទុកចិត្តលើព្រះ ហើយខ្ញុំក៏រៀនទុកចិត្តទ្រង់ផងដែរ។ ខ្ញុំមិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធ គឺមិនខុសពីកូនប្រុសខ្ញុំឡើយ តែខ្ញុំបានពិសោធន៍នឹងអំណាចចេស្តាទ្រង់ ពេលដែលទ្រង់បានលើកទឹកចិត្ត និងដឹកនាំខ្ញុំ ពេលដែលខ្ញុំបានអានព្រះបន្ទូលទ្រង់។ ចូរយើងអរព្រះគុណព្រះ សម្រាប់អំណោយដ៏អស្ចារ្យ ដែលជាព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដែលបានគង់នៅជាមួយយើង និងគង់នៅក្នុងយើង។ ដូចនេះ យើងមិនដែលនៅតែម្នាក់ឯងឡើយ!-Keila Ochoa