
ខ្ញុំមិនញាំសណ្តែកខៀវទេ!
ដោយJoe Stowell
November 26, 2017
កាលកូនៗរបស់ខ្ញុំនៅពីក្មេង ក្នុងចំណោមពួកគេ មានអ្នកដែលមិនចូលចិត្តញាំសណ្តែកខៀវ។ ពេលយើងហុចសណ្តែកខៀវឲ្យគាត់ញំា សម្រាប់អាហារពេលល្ងាច គាត់ក៏បាននិយាយថា “អត់ញាំទេ”។ ពេលនោះ យើងចង់ឲ្យគាត់និយាយថា “កូនអត់ញាំទេ អរគុណប៉ា”។ ផ្ទុយទៅវិញ គាត់បានឆ្លើយថា “ទេ ខ្ញុំមិនញាំសណ្តែកខៀវទេ!” រឿងនេះក៏បាននាំឲ្យយើងណែនាំគាត់ អំពីសុជីវធម៌ នៅក្នុងការនិយាយស្តី។ តាមពិត យើងក៏ធ្លាប់ពិភាក្សា អំពីបញ្ហាសុជីវធម៌ជាច្រើនលើកមកហើយដែរ។ ព្រះអម្ចាស់នៃយើងទ្រង់បានរំឭកយើងថា យើងត្រូវមានចិត្តដែលដឹងគុណ ពេលដែលយើងបានទទួលអ្វីមួយ គឺមិនគ្រាន់តែនិយាយអរគុណ ដោយការគួរសមប៉ុណ្ណោះទេ។ មានខគម្ពីរជាច្រើន ដែលបានក្រើនរំឭកយើងថា ការបង្ហាញចេញនូវការដឹងគុណ មានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់។ ជាក់ស្តែងបទគម្ពីរទំនុកដំកើង ជំពូក ១១៨ បានចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយពាក្យថា “ចូរអរព្រះគុណព្រះយេហូវ៉ា”(ខ.១,២៩)។ យើងត្រូវអរព្រះគុណព្រះ ពេលយើងចូលទៅក្នុងព្រះវត្តមានទ្រង់(១០០:៤)។ ហើយគ្រប់ទាំងសេចក្តីសំណូមដែលយើងទូលថ្វាយដល់ទ្រង់ គឺត្រូវធ្វើឡើង ដោយវិញ្ញាណនៃការអរព្រះគុណ(ភីលីព ៤:៦)។ ចិត្តដែលដឹងគុណព្រះ ជួយឲ្យយើងនឹកចាំ អំពីព្រះពរដ៏បរិបូរដែលព្រះទ្រង់ប្រទាន។ សូម្បីតែនៅក្នុងពេលដែលមានភាពវឹកវរ និងភាពអស់សង្ឃឹម ក៏ព្រះវត្តមាន និងសេចក្តីស្រឡាញ់របស់ព្រះ នៅជាប់ជាមួយយើងជានិច្ច។ ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានរំឭកយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។-ភីលីព ៤:៦