
ជំនួយមកពីខាងក្រៅ
ដោយJennifer Benson Schuldt
November 27, 2017
កាលស្វាមីខ្ញុំត្រូវធ្វើដំណើរ សម្រាប់មុខជំនួញរបស់គាត់ គាត់បានឮសម្លេងចម្លែក ពេលគាត់ទើបតែបានចូលស្នាក់នៅ ក្នុងបន្ទប់សណ្ឋាគារ។ គាត់ក៏បានដើរចូលទៅក្នុងសាលនៃសណ្ឋាគារ ដើម្បីរកមើល ហើយក៏បានឮសម្លេងមនុស្សម្នាក់ស្រែក ចេញពីបន្ទប់ដែលនៅក្បែរនោះ។ ដោយមានជំនួយពីបុគ្គលិកសណ្ឋាគារ គាត់ក៏បានរកឃើញថា មានបុរសម្នាក់ កំពុងជាប់នៅក្នុងបន្ទប់ទឹក។ គន្លឹះរបស់បន្ទប់ទឹកនោះបានខូច ហើយបុរសនោះក៏បានជាប់នៅខាងក្នុង ទាំងភ័យស្លន់ស្លោរ។ គាត់មានអារម្មណ៍ថា ដកដង្ហើមមិនរួច ហើយក៏បានចាប់ផ្តើមស្រែកឲ្យគេជួយ។ នៅក្នុងជីវិតយើង ជួនកាល យើងមានអារម្មណ៍ថា ជាប់នៅក្នុងអន្ទាក់ទៅណាមិនរួច។ យើងមានអារ្មណ៍ថា ហាក់ដូចជាកំពុងជាប់នៅក្នុងបន្ទប់មួយ។ យើងអង្រួនទ្វារ ទំាងខំទាញគន្លឹះបើកទ្វារ តែនៅតែបើកមិនចេញ។ យើងត្រូវការជំនួយពីខាងក្រៅ គឺមិនខុសពីបុរសដែលជាប់នៅក្នុងបន្ទប់ទឹកសណ្ឋាគារនោះឡើយ។ ដើម្បីទទួលជំនួយពីខាងក្រៅ យើងត្រូវទទួលស្គាល់ថា យើងគ្មានសង្ឃឹមអាចជួយខ្លួនឯងបានទេ។ ជួនកាល យើងខំមើលទៅខាងក្នុងចិត្តយើង ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហារបស់យើង តែព្រះគម្ពីរបានចែងប្រាប់យើងថា “ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង”(យេរេមា ១៧:៩)។ តាមពិត ជាញឹកញាប់ យើងជាប្រភពនៃបញ្ហារបស់យើង។ តែអរព្រះគុណព្រះអម្ចាស់ ដែល“ទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:២០)។ ហេតុនេះហើយ ទ្រង់ជ្រាបច្បាស់ថា ត្រូវជួយយើងដោយរបៀបណា។ មានតែព្រះទេ ដែលអាចជួយឲ្យចិត្តយើងមានការផ្លាស់ប្រែយ៉ាងស្ថិតស្ថេរ និងមានការរីកចម្រើនដ៏ពិតបា្រកដ។ ពេលយើងទុកចិត្តព្រះ និងរស់នៅ ដើម្បីបំពេញព្រះទ័យទ្រង់ យើងអាចមានការរីកចម្រើន ដោយបានរួចពីចំណង និងមានសេរីភាពដ៏ពិត។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង។-១យ៉ូហាន ៣:២០